បារាំងលើកពានបាលទាត់ ក្រូអាតលើកពានបេះដូង

សម្រាប់អ្នកដែលបានទស្សនាបាល់ទាត់ថ្ងៃផ្តាច់ព្រាត់ប្រហែលជាមិនទាន់ភ្លេចទេ នូវថ្ងៃដែលមានមួយក្រុមឈ្នះនាំគ្នាសប្បាយហ៊ោពេញកីទ្បាដ្ឋានប្រទេសរ៉ូស្ស៊ី ខណះដែលមួយក្រុមទៀតបានចាញ់ហើយយំស្ទើរតែមិនចេញ ក្រោមដំណក់ភ្លៀងដែលឥតមេត្តាប្រហារចិត្តរបស់អ្នកចាញ់។
អ្នកដែលឈ្នះនោះគឺក្រុមមាន់គកបារាំងដែលបានឈ្នះពានបាល់ទាត់ពិភពលោកលើកទី២ហើយក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។ បារាំងបានឈ្នះយក់ពានទៅផ្ទះជាមួយនឹងរង្វាន់ជាទឹកប្រាក់រហូតដល់ជាង៣៨លានដុល្លារ។ រីឯក្រូអាតវិញក៏ទទួលបានរង្វាន់រាប់សិបលានដុល្លារទៅផ្ទះវិញដែរទោះជាប់លេខ២ក៏ដោយតែអ្វីដែលក្រូអាតទទួលបានពានមួយទៀតដែលធំជាងបារាំងនោះគឺពានបេះដូង។
ថ្ងៃដែលភ្លៀងនោះប្រធានាធិបតីប្រទេសក្រូអាតគឺលោកស្រី Grabar-Kitarovic បានសម្តែងភាសាបេះដូងរបស់គាត់គាំទ្រក្រុមក្រូអាត ទោះពួកគាត់មិនឈ្នះពានលេខ១ក៏ដោយ។ គាត់បានចេញទាំងមិនខ្វល់ពីដំណក់ទឹកភ្លៀងទ្បើយ មិនខ្វល់ទោះត្រូវខូចម៉ូតសក់ គឺគាត់បានចេញទៅស្វាគមន៍អោបលួងចិត្តដល់កីទ្បាករទាំងអស់ដែលបានចាញ់ទាំងមិនអស់ចិត្ត។ នៅជាមួយគ្នានោះដែរមានប្រធានាធិបតីរបស់ប្រទេសបារាំងនិងរ៉ូស្ស៊ីនៅទីនោះដែរតែពួកគាត់មានឆ័ត្រត្រូវបានយកមកបាំងជូនខណះដែលលោកស្រីមិនរង់ចាំឆ័ត្រទ្បើយ គាត់ស្ទុះចេញទៅទទួលក្រុមកីទ្បាករគាត់ដោយអារម្មណ៍ក្តុកក្តួល។
អារម្មណ៍ដែលលោកស្រី Grabar-Kitarovic បានសំដែងនេះបានធ្វើអោយប្រជាជនក្រូអាតកក់ក្តៅហើយទប់ទឹកភ្នែកមិនបានទ្បើយរំភើបព្រោះមានប្រធានាធិបតីដែលមិនខ្វល់ពីបរាជ័យ មិនខ្វល់ពីឋានះរបស់ខ្លួនស៊ូកាត់ភ្លៀងដើម្បីលួងចិត្តក្រុមកីទ្បាករ។ ហើយមានរឿងដែលគួរអោយរំភើបជាងនេះទៅទៀតនោះគឺគាត់មិនមែនទទួលអោបតែក្រុមក្រូអាតទេ សូម្បីក្រុមដែលជាគូប្រកួតគាត់ក៏អោបអបអរដែរ។ នេះពិតជាកម្រណាស់ព្រោះមិនងាយនឹងមានអ្នកចាញ់នៅមានអារម្មណ៍កក់ក្តៅមកអបអរអ្នកឈ្នះដែលជាគូប្រកួតរបស់ខ្លួននោះទ្បើយ។
( លើកទឹកចិត្តកូនក្រុមទោះពួកគេធ្វើបានជោគជ័យឬបរាជ័យក៏ដោយ )
( រកស៊ីឬធ្វើការអោយគេក៏ដោយអ្នកត្រូវប្រើបេះដូងអោយបានច្រើន )
( ទឹកចិត្តសំខាន់ជាងទឹកលុយ )....។

