សម្ព័ន្ធមេត្រី ទន្សាយនិងព្រះចន្ទ Rabbit and The moon

ព្រះអាទិត្យ និង ព្រះចន្ទ ឬ ហៅថា សូរិយានិងចន្ទ្រា ជាភព២ដែលមនុស្សបុរាណ គោរពនឹងចាប់អារម្មណ៍ជាងគេបង្អស់។ មនុស្សតែងតែកត់សំគាល់អ្វីៗគ្រប់យ៉ាង ដែលទាក់ទងទៅនឹងភពទាំង២នេះមិនដាច់។
ជាទូទៅ
ផែនដីវិលជុំវិញខ្លួនឯង ហៅថា ថ្ងៃ
ព្រះចន្ទវិលជុំវិញផែនដី ហៅថា ខែ
ផែនដីវិលជុំវិញព្រះអាទិត្យ ហៅថា ឆ្នាំ
ក៏ប៉ុន្តែការអង្កេតមួយបែបទៀត គឺជាការអង្កេតចលនារបស់ព្រះចន្ទ និង ព្រះអាទិត្យធៀបមកផែនដី។ គឺព្រះចន្ទចំណាយពេលខ្លី ឬ លឿនក្នុងការវិលជុំវិញផែនដី ចំណែកព្រះអាទិត្យចំណាយពេលយូរ ឬយឺត ដើម្បីវិលបានមួយជុំ។
ចលនារបស់ព្រះចន្ទ និង ព្រះអាទិត្យនេះ មនុស្សបុរាណប្រៀបទៅនឹងសត្វ២ដែលកំពុងតែរត់ប្រណាំងគ្នាយកឈ្នះចាញ់:
+ សត្វទន្សាយ ដែលរត់លឿន គឺចលនាព្រះចន្ទ
+ សត្វអណ្តើក ដែលរត់យឺត គឺចលនាព្រះអាទិត្យ
ជួនកាល គេនិទានរឿងជាច្រើនទៀតអំពីសត្វ២ប្រណាំងគ្នា មួយរត់លឿន មួយរត់យឺត។
សត្វទន្សាយ ត្រូវបានមនុស្សបុរាណជ្រើសរើសមក តំណាងឲ្យចលនារបស់ព្រះចន្ទវិលជុំវិញផែនដី ហើយក៏មានរឿងនិទានជាច្រើនដែល ទន្សាយមានទំនាក់ទំនងទៅនឹងព្រះចន្ទ ដូចរឿងទន្សាយសបូជាខ្លួនដើម្បីបំពេញទានបរមត្ថបារមីជាដើម។
ពេលខ្លះ ទន្សាយថ្វីត្បិតតែរត់លឿន អាចទៅដល់ទីមុន អណ្តើក ក៏ប៉ុន្តែដោយសារទន្សាយខ្ជិល និងមានអំណួតទើបចាញ់ការប្រណាំង។ កាលដែលមនុស្សបុរាណចង់ឲ្យទន្សាយចាញ់ ដាក់ពិន័យ សាច់រឿងខ្លះត្រូវសម្លាប់ទន្សាយ ចេញឈាមក្រហមច្រាល គឺចង់បង្ហាញអំពីព្រឹត្តិការណ៍ ចន្ទគ្រាស ដែលផែនដីបាំងពន្លឺព្រះអាទិត្យ ធ្វើឲ្យព្រះចន្ទងងឹត ឬ ព្រះចន្ទមានពណ៌ក្រហម ដែលគេហៅថាព្រះចន្ទឈាម Blood Moon។
រៀបរៀងដោយ @Cryptopreneur

