សិទ្ធិក្នុងការបំភ្លេច Right to be forgotten

នៅក្នុងជំពូកមួយនៃសិទ្ធិបុគ្គល មានសិទ្ធិមួយបានចែងថា "Right to be forgotten" ឬ "Right to erasure" មានន័យថាទិន្នន័យរបស់បុគ្គលរូបវ័នមានសិទ្ធិស្នើសុំលុបចោលពីអ្នកដែលបានគ្រប់គ្រងទិន្នន័យនោះ ដោយសំអាងទៅលើហេតុផលមួយចំនួន ដែលមានចែងក្នុងមាត្រាទី១៧ នៃច្បាប់ការពារទិន្នន័យនិងភាពឯកជនរបស់បុគ្គល https://gdpr-info.eu/art-17-gdpr/។
នៅក្នុងអតីតកាល យើងបានធ្វើអំពីអាក្រក់មួយ ហើយយើងបានទទួលទោសរួចទៅហើយ ក្រោយមកយើងបានកែប្រែខ្លួនជាមនុស្សល្អ ក៏ប៉ុន្តែទិន្នន័យដែលយើងបានធ្វើអំពើអាក្រក់នោះគឺនៅរក្សាទុក ដែលពេលខ្លះ មនុស្សបច្ចុប្បន្នយកទិន្នន័យនោះ មកសើចចំអក មកបង្ខូចកិត្តិយសរបស់បុគ្គលនោះ ដែលច្បាប់អនុញ្ញាតិឲ្យបុគ្គលនោះមានសិទ្ធិក្នុងការស្នើសុំលុបទិន្នន័យនោះចេញក្នុងលក្ខខណ្ឌណាមួយ។
និយាយពីបច្ចេកវិទ្យាប្លុកឆេនវិញ គឺជាបណ្តុំទិន្នន័យដែលរក្សាហើយពុំមាននរណាម្នាក់អាចកែប្រែបានឡើយ (Immutable) ហើយវាមានលក្ខណៈតម្លាភាព (Transparency) ដែលនរណាម្នាក់ក៏អាចមើលឃើញទិន្នន័យនោះបានដែរ។ ដើម្បីស្វែងយល់ពីលក្ខណៈសម្បត្តិនេះ បងប្អូនអាចអានអត្ថបទខាងក្រោម
[Blockchain Immutable Property](https://serey.io/serey/@cryptopreneur/blockchain-immutable-property)
[Blockchain Public Property](https://serey.io/serey/@cryptopreneur/blockchain-public-property)
នៅក្នុងសង្គមបច្ចេកវិទ្យា នៅពេលដែលយើងចង់បង្កើតអ្វីមួយគឺស្រួលណាស់ តែនៅពេលដែលយើងចង់លុបវាចោលវិញមិនងាយឡើយ។ ឧទាហរណ៍ យើងខឹងគ្រួសារយើង ឬ មិត្តភក្តិរបស់យើង យើងបានបង្ហោះសារជេរ ឬ បង្ហោះរូបភាពអវិជ្ជមានណាមួយនោះ ឬ បង្ហោះជាវីដេអូជេរគ្នា បំណងរបស់យើងគឺចង់ឲ្យតែអ្នកដែលយើងខឹងបានស្តាប់។ ក៏ប៉ុន្តែដោយសារតែយើងភ្លេចគិតថា សារ រូបភាព ឬ វីដេអូទាំងអស់នោះ នរណាៗក៏មើលឃើញដែរ ហើយគេនឹងចម្លងចែកគ្នាបន្ត ដាក់នៅហ្វេសប៊ុក យូធូប គេហទំព័រព័ត៌មានដើម្បីរកលុយ ពី១ ទៅ១០ ពី១០ ទៅ១០០ ហើយមនុស្សនាំគ្នាចែករំលែកបន្តឥតឈប់ឈរ ដែលម្ចាស់ដែលបានបង្កើតព័ត៌មានទាំងអស់នោះ ស្តាយក្រោយចង់លុបចោលវិញ ក៏យឺតពេលដែរ។ នេះជាមូលហេតុដែលការរស់នៅក្នុងសង្គមបច្ចេកវិទ្យា គួរតែគិតឲ្យបានវែងឆ្ងាយ មុននឹងគូរ កុំទោរទន់តាមអារម្មណ៍ក្តៅក្រហាយមួយពេល។
និយាយពីប្លុកឆេនសេរីវិញ ដោយសារតែប្លុកឆេនមានលក្ខណៈមិនអាចកែប្រែបាន នោះមានន័យថា រាល់អត្ថបទរបស់បងប្អូនពេលដែលបង្កើតហើយ គឺមិនអាចលុបចោលបានទេ ហើយមុននឹងបងប្អុនបង្ហោះអ្វីមួយត្រូវចាំថា បងប្អូនបង្ហោះទៅមានមនុស្សចាំអានចាំមើល មិនមែនបង្ហោះតាមអារម្មណ៍របស់ខ្លួនចោល នៅក្នុងបន្ទប់ឯកជន ហើយចង់លុបចោលវិញបានឡើយ។ ចំណែកសារ (comment) បងប្អូនមានរយៈពេលខ្លីប៉ុណ្ណោះដែលអាចលុបវាចោលវិញបាន គឺនៅពេលដែលមិនទាន់មានអ្នកមកឆ្លើយតប តែបើមានគេឆ្លើយហើយគឺមិនអាចលុបចោលបានឡើយ។
សេរីមិនបានបិទសិទ្ធិខ្លាំងក្នុងការមិនឲ្យលុបចោលនោះទេ សេរីមានលក្ខណៈពិសេសគឺទុកពេលឲ្យបងប្អូន៧ថ្ងៃ ដើម្បីពិចារណា ប្រសិនបើក្នុងកំឡុងពេល៧ថ្ងៃ បងប្អូនគេថា ចង់លុបអ្វីមួយចោល បងប្អូនគ្រាន់តែចូលទៅកាន់សារ ឬ អត្ថបទនោះ ហើយចុចពាក្យ EDIT រួចលុបចោលអ្វីដែលបងប្អូនបានសរសេរ រួចទុកវាឲ្យនៅទទេរស្អាត នោះវាហាក់ដូចជាការលុបចោលដែរ។
ក៏ប៉ុន្តែក្រោយរយៈពេល៧ថ្ងៃ អ្វីដែលបងប្អូនបានបង្ហោះគឺនឹងកត់ត្រាទុកក្នុងបញ្ជីប្លុកឆេនជានិច្ចនិរន្តតទៅដរាបណា ប្លុកឆេននៅតែបន្តដំណើរការរបស់ខ្លួន។
ហេតុដូច្នេះហើយ បណ្តាំចុងក្រោយរបស់ខ្ញុំគឺ
## គិតមុនគូរ កុំឲ្យស្តាយក្រោយ
រៀបរៀងដោយ @Cryptopreneur

