កេរ្តិ៍ឈ្មោះ ឬ កិត្តិស័ព្ទ SEREY Reputation

C
![reputation.png](https://serey.io/imageupload_data/f9f90d011f85d4cd7db12434044a9369612a2d63) តើបងប្អូនមានដែលសំគាល់ទេថា នៅក្បែរឈ្មោះរបស់បងប្អូនមានរង្វង់មូលមួយ ហើយនៅក្នុងរង្វង់មូលនោះមានតួលេខមួយ ដែលនេះជាពិន្ទុនៃកេរ្តិ៍ឈ្មោះឬ កិត្តិស័ព្ទរបស់បងប្អូននៅក្នុងបណ្តាញសង្គមសេរី។ ## និយមន័យ កិត្តិស័ព្ទ ឬ កេរ្តិ៍ឈ្មោះ គឺជាប្រជាប្រិយភាព ឬ ភាពល្បីល្បាញដែលបងប្អូនបានសាងឡើងនៅក្នងបណ្តាញសង្គមនេះ ដែលមានសមាជិកដទៃទៀតចូលចិត្តនិងគាំទ្រ។ ## ចំណុចចាប់ផ្តើម ជាទូទៅ នៅពេលដែលបងប្អូនបានចូលមកដល់ទីនេះដំបូង គឺបងប្អូននឹងឃើញពិន្ទុនៃកិត្តិស័ព្ទនេះចំនួន២៥ ពិន្ទុនេះនឹងកើនឡើង ទៅតាមការខិតខំប្រឹងប្រែងព្យាយាម ផ្តល់គុណតម្លៃដល់សហគមន៍សេរី ដោយការចែករំលែកអត្ថបទនានា។ ## បង្កើនកិត្តិស័ព្ទ កិត្តិស័ព្ទរបស់បងប្អូនអាចកើនឡើងបាន ដោយសារតែបងប្អូនបានបង្ហោះអត្ថបទល្អៗ ហើយមានអ្នក Upvote ឲ្យច្រើន ជាពិសេស ការUpvote ពីអ្នកដែលមានកិត្តិស័ព្ទខ្ពស់ៗ។ ចូរក្រឡេកមើលសមាជិកបច្ចុប្បន្ន បងប្អូននឹងឃើញកិត្តិស័ព្ទរបស់ពួកគាត់ ប្រសិនបើឃើញពិន្ទុប្រហែល៦០ជាង មានន័យថាគាត់កំពុងតែចាប់ផ្តើមចែករំលែកហើយ ប្រសិនបើឃើញ៧០ជាង គាត់កំពុងបង្កើនស្នាដៃរបស់គាត់ ៨០ជាងស្នាដៃរបស់គាត់ល្អកំពុងតែពេញនិយមបណ្តើរៗហើយ។ ## វិធីសាស្រ្តបង្កើនកិត្តិស័ព្ទ ដើម្បីឲ្យកិត្តិស័ព្ទរបស់បងប្អូនកើនឡើង ទី១ បងប្អូនត្រូវព្យាយាមណែនាំខ្លួនឲ្យគេស្គាល់ ទី២ សរសេរអត្ថបទដើម ចេញពីខ្លួនឯងដោយមិនចម្លងពីអ្នកដទៃ ទី៣ សរសេរអត្ថបទដែលមានគុណភាពខ្ពស់ ប្រសើរជាងបរិមាណច្រើន ទី៤ ចូលរួមពិភាក្សា និង ការឆ្លើយតបនានា ទី៥ ចូលរួមUpvoteអត្ថបទដែលល្អៗ មិនចេះតែUpvoteអត្ថបទផ្តេសផ្តាសនាំឲ្យខាតថាមពល ទី៦ ស្រស់ស្រាយ រីករាយ រាក់ទាក់ជាមួយសមាជិកដទៃ ទី៧ ប្រើប្រាស់ទេពកោសល្យផ្ទាល់ខ្លួន ## ផលប្រយោជន៍ ហេតុអ្វីមានកិត្តិស័ព្ទខ្ពស់ល្អ នៅពេលដែលមានសមាជិកណាម្នាក់ មិនពេញចិត្តនឹងបងប្អូន គេចង់បង្ខូចឈ្មោះឬយ៉ាងណានោះ ឥទ្ធិពលរបស់គេគឺតិចតួចមិនអាចបង្ខូចកិត្តិស័ព្ទរបស់បងប្អូនឡើយ ដោយសារតែបងប្អូនបានផ្តល់ប្រយោជន៍ គុណតម្លៃទៅដល់សហគមន៍និងសមាជិកទាំងមូល។ មួយវិញទៀតប្រសិនបើថ្ងៃអនាគត មានគេចេះសរសេរកម្មវិធីបង្កើតសមាជិកក្លែងក្លាយមកបង្ខូចកិត្តិស័ព្ទនេះ ក៏អាចការពារបានមួយចំនួនដែរ។ ## ប្រើកិត្តិស័ព្ទក្នុងផ្លូវល្អ កិត្តិស័ព្ទបានមកដោយការបោះឆ្នោតរបស់សមាជិកដទៃគាំទ្រ ហើយកិត្តិស័ព្ទនេះក៏ត្រូវប្រើប្រាស់ទៅវិញប្រកបដោយក្រមសីលធម៌ ដោយការបោះឆ្នោតឲ្យអត្ថបទល្អៗ ឬ សមាជិកល្អៗដែលខិតខំព្យាយាមចូលរួមជាមួយសេរី ធ្វើឲ្យសេរីរីកចម្រើន ឬ ចែករំលែកចំណេះដឹងល្អៗ។ ក្នុងករណីដែលសមាជិកប្រើប្រាស់កិត្តិស័ព្ទរបស់ខ្លួនក្នុងផ្លូវមិនល្អ សមាជិកដទៃអាចបោះឆ្នោតទម្លាក់កិត្តិស័ព្ទនោះវិញ ការធ្វើបែបនេះអ្នកបោះឆ្នោតទំលាក់ក៏ខាតប្រយោជន៍ អ្នកមានកិត្តិស័ព្ទក៏ខាតប្រយោជន៍ សង្ឃឹមថាបងប្អូននឹងខិតខំសាងកេរ្តិ៍ឈ្មោះនិងកិត្តិស័ព្ទនេះ ហើយប្រើប្រាស់វាក្នុងផ្លូវល្អ។ រៀបរៀងដោយ @Cryptopreneur

Comments

daisysun
That's a very clear explanation. I hope the reputation system will encourage people to write better content.
sarith71
👍😍