រឿងព្រេងទាក់ទងនឹងពិធីបុណ្យបណ្តែតប្រទីបសំពះព្រះខែ និងអកអំបុក

D
dany
![cambodia-water-festival-21.jpg](https://serey.io/imageupload_data/90c5d0b44263432b6af9790027ba6479d2796d1c) ជាទំនៀមទំលាប់រៀងមកអ្នកស្រុកក្នុងប្រទេសកម្ពុជាទាំងមូលតែងធ្វើពិធីបណ្តែតប្រទីបនៅវេលារាត្រីនៃថ្ងៃចេញវស្សា (បរិមវស្សា) គឺនៅថ្ងៃពេញបូរណ៌មីខែអស្សុជរាល់ឆ្នាំ ប៉ុន្តែនៅរាជធានីភ្នំពេញព្រះរាជាតែងប្រារព្ធធ្វើពិធីនេះរួមជាមួយនិងពិធីអុំទូកសំពះព្រះខែនិងអកអំបុក ដែលរាប់បញ្ចូលនិងពិធីទ្វាទសមាសមួយរបស់រដ្ឋ។ គឺធ្វើនៅថ្ងៃ១៤~១៥ កើតនិង១រោចខែកក្តិតរាល់ឆ្នាំ ដូចដែលយើងបាន ដឹងមកស្រាប់។ ពិធីបុណ្យប្រពៃណីទាំងឡាយដែលគេប្រារព្ធធ្វើនៅស្រុកនីមួយៗ សុទ្ធសឹងមានហេតុផលទាក់ទងនិងរឿងតំណាល។ ចំពោះពិធីបណ្តែត​ប្រទីបសំពះព្រះខែអកអំបុកនេះក៏មានរឿងតំណាលមកពីបុរាណកាលដែលដូចតទៅ៖ **ពិធីបណ្តែតប្រទីប** ![q21-2.jpg](https://serey.io/imageupload_data/7804450795be3de887ce3410a70ca769420850c7) ក្នងកាលពីព្រេងនាយនាខាងដើមភទ្ទកប្ប យើងនេះមានសត្វក្អែកសញីឈ្មោលបានកាច់សំបុកពងនៅឈើមួយដើមដែលដុះនៅឆ្នេរសមុទ្រហើយបានបញចេញពងតាមធម្មជាតិជាសត្វនោះចំនួន៥។ ថ្ងៃមួយជាទេសកាលបណ្តាលឲមានភ្លៀងព្យុះបក់បោកកួចយកសំបុកបក្សីព្រមទាំងពងឲធ្លាក់ចុះទៅក្នុងទឹកកំពុងហូរ។ លុះពេលល្ងាចក្អែកញីឈ្មោលហើរត្រលប់មកពីរកចំណីអាហារស្រាប់តែបាត់សំបុកនិងពងព្រមទាំងឃើញស្នាមបាក់រប៉ាត់រប៉ាយអាចឲយល់បានថា《ពិតជាការណ៍អន្តរាយបណ្តាលមកពីខ្យល់ព្យុះ》។ ប៉ុន្តែក្អែកសញីឈ្មោលនោះនៅមិនអស់ចិត្តនៅតែសញ្ជប់សញ្ចឹងគិតក្រែង ដូច្នេះដូច្នោះក៏វិយោគបោកប្រាណព្រោះស្តាយស្រណោះទាល់តែស្លាប់ទាំងគូទៅ ហើយទៅកើតជាព្រះឥន្រ្ទរាជនៅនាឋានត្រៃត្រឹង្សទេវលោក។ និយាយអំពីក្អែកទាំង៥ដែលធ្លាក់ទៅក្នុងទឹកហើយត្រូវខ្សែរទឹកហូរនាំទៅនោះក៏ទៅធ្លាក់ក្នុងកណ្តាប់ដៃនៃសត្វមាន់ស្តេចនាគអណ្តើកគោ និងខ្លាដែលបានរើសមួយៗម្នាក់យកទៅបីបាច់ថែរក្សានៅទីអាស្រ័យរៀងៗខ្លួន។ ពងនោះលុះដល់កំណត់ពេលនិងញាស់ហើយស្រាប់តែកើតកូនចេញមកសុទ្ធតែមនុស្សប្រុសទាំង៥។ ឯសត្វជាអាណាព្យាបាលឃើញសេចក្តីអស្ចារ្យក៏ខំថែរក្សាចិញ្ចឹមដោយយកចិត្តទុកដាក់ជាទីបំផុត។ លុះទារកទាំង៥នោះមានវ័យវឌ្ឍនាការធំឡើងក៏មានចិត្តគិតឃើញរៀងខ្លួនថា " ខ្លួនអញជាមនុស្សសោះ ចុះហេតុអ្វីបានជាមាតាបិតាសុទ្ធតែជាតិជាសត្វតិរិច្ឆានដូច្នេះ! " គិតសព្វគ្រប់ហើយទើបរកមធ្យោបាយរៀងៗខ្លួន លាមាតាបិតាចិញ្ចឹមទីទៃៗរបស់ខ្លួនដើម្បីដើរស្វែងរករៀនវិជ្ជាសន្សំកុសលកសាងពុទ្ធភូមិរៀងៗខ្លួន។ សត្វជាអាណាព្យាបាលមានបណ្តាំតែមួយដូចគ្នាថា " បើកូនចេញទៅធ្វើការកសាងពុទ្ធភូមិបានសម្រេចនៅថ្ងៃណាវេលាណាយើងសូមផ្ញើឈ្មោះរបស់យើងអោយនៅជាប់និងឈ្មោះរបស់អ្នកផង។ ព្រោះហេតុនោះឯង បានជាក្នុងភទ្ទកប្បយើងនេះមានព្រះពុទ្ធ៥អង្គទ្រង់ព្រះនាមថា 《 កកុសន្ធោ(មាន់) កោនាគមនោ(នាគ) កស្សបោ(អណ្តើក) គោតមោ(គោ) សិរិអារ្យមេត្តេយ្យោ(ខ្លា) ដែលបានត្រាស់តាមលំដាប់បងប្អូននិងបារមីហើយយកនាមសត្វទាំង៥ដែលជាអ្នកចិញ្ចឹមមកប្រកបភ្ជាប់នឹងព្រះនាមសត្វទាំង៥ដែលជាអ្នកចិញ្ចឹមមកប្រកបភ្ជាប់នឹងព្រះនាមព្រះអង្គតាមបណ្តាំក្នុងរឿងតំណាលដូចពោលហើយនេះ 》។ មាណពទាំង៥កាលចេញចាកឋានមាតាបិតាចិញ្ចឹមរៀងៗខ្លួនមកក៏បានមកជួបគ្នាទាំង៥នាក់នៅកន្លែងមួយ លុះសាកសួរគ្នាទៅឃើញថាមានគំនិតដូចគ្នាព្រមទាំងហេតុភេទដូចគ្នាក៏សុំគ្នាធ្វើជាបងប្អូនរួមរស់ជាមួយគ្នារហូតទៅ។ ថ្ងៃមួយវេលាដែលមាណពទាំង៥ កំពុងជជែកគ្នារកមាតាបិតាដើមនោះព្រះឥន្រ្ទព្រមទាំងអគ្គមហេសីដែលជាមាតាបិតាដើមក៏និម្មិតខ្លួនជាក្អែកសញីឈ្មោលហើរមកទំលើមែកឈើជិតនោះហើយសាស័ព្ទប្រាប់មាណពទាំង៥ អោយបានជឿប្រាកដថា "ខ្លួនឯងនេះហើយជាមាតាបិតាដើម"។ មាណពទាំង៥ក៏លុតជង្គង់ថ្វាយបង្គំចំពោះបុព្វបុរសទាំងពីរថ្លែងសេចក្តីស្តាយមិនបានទៅនៅបំរើឪពុកម្តាយនោះ ព្រោះក្អែកសទាំងគូមិនអនុញ្ញាតអោយទៅនៅជាមួយទេគ្រាន់តែផ្តាំថា "បើកូនរាល់គ្នានឹកអាល័យយើងណាស់ហើយចង់បូជាអ្វីដល់យើងទាំងពីរនាក់ ចូរកូនគូសខ្វែងជើងក្អែក នៅគ្រប់វត្ថុដែលជាសំណែននោះឧទ្ទិស​ឲ​យើង​ទៅ អំពើនេះមុខជានិងបានផ្សាយផលដល់យើងមិនខានឡើយ" ថាតែប៉ុណ្ណេះក៏អន្តរធានបាត់ទៅ។ មាណពទាំង៥ បានចាំបណ្តាំហើយក៏នាំគ្នារករៀនសិល្បវិជ្ជាបួសជាតាបសចម្រើនព្រ័តក្នុងព្រៃក្រោយមក ក៏នាំគ្នាធ្វើបុណ្យសុន្ទរ៍ទានរំលឹកគុណតាមបណ្តាំនោះជាដរាបព្រមទាំងគូសសញ្ញាខ្វែងជើងក្អែកនៅលើវត្ថុសំណែន សែនរួចបណ្តែតតាមខ្សែរទឹកហូរទៅដើម្បីបូជាក្អែកសញីឈ្មោលរហូតជាប់ទំនៀមរហូតមកដល់សព្វថ្ងៃនេះ។ ប៉ុន្តែតាមមតិអ្នកស្រុកខ្លះសំអាងថា《គេធ្វើពិធីបណ្តែត​ប្រទីប​នេះ ដើម្បីឧទ្ទិសបូជាដល់ស្នាមព្រះពុទ្ធបាទនិងព្រះចង្កូមកែវដែលប្រតិស្ថាននៅនាពិភពនាគ។ រួមសេចក្តីទៅឃើញថាទោះបីអាចារ្យដែលពោលថា "ការធ្វើពិធីនេះដើម្បីឧទ្ទិសបូជាដល់ស្នាមព្រះពុទ្ធបាទក្តីដល់ចង្កូមកែវក្តីដល់ក្អែកសញីឈ្មោលក្តី ឫថាដល់ព្រះចុល្លាមណីចេតិយក្តី" ក៏សុទ្ធសឹងតែមានហេតុផលល្អ ចំពោះព្រះពុទ្ធសាសនាដូចគ្នាគឺមានសេចក្តីស្របគ្នាច្រើនមិនមានជាទំនាស់ប៉ុន្មានទេ។ ឯគម្ពីររតនសង្រ្គោះក្តីសាស្ត្រាក្អែកសក្តីគម្ពីរពុទ្ធវង្សក្តីពុំមានបង្គាប់ថា "អោយធ្វើបុណ្យយ៉ាងនេះរឺយ៉ាងនោះ" ឡើយប៉ុន្តែអាស្រ័យរឿងរ៉ាវទាំងនេះបុរាណាចារ្យចេះតែផ្សំថែមធ្វើមករហូតទាល់តែជាប់ជាទំនៀមទម្លាប់ដល់សព្វថ្ងៃ។ **ពិធីបុណ្យសំពះព្រះខែ-អកអំបុក** ![Undddsstitled-3.jpg](https://serey.io/imageupload_data/59adeef83afab786c4322d3a4fa9ead8509ff095) មានតំណាលថាក្នុងកាលពីព្រេងនាយកាលព្រះពុទ្ធបរមគ្រូនៃយើងទាំងឡាយត្រាស់រង្តាត់អន្ទោលជាតិក្នុងវត្តសង្សានៅឡើយនោះក្នុងជាតិមួយព្រះអង្គទ្រង់យោនយកកំណើតជាសត្វទន្សាយ។ នៅរាល់ថ្ងៃពេញបូរណ៌មីទន្សាយពោធិសត្វតែងសមាទានរក្សាឧបោសថសីលដោយឧទ្ទិសជីវិតព្រះអង្ឡជាទានបរមត្ថបារមីដើម្បីបំពេញព្រះពោធិសម្ភារឲបានត្រាស់ដឹងជាព្រះពុទ្ធ។ នៅថ្ងៃពេញបូរណ៌មីមួយ ព្រះឥន្រ្ទទ្រង់ជ្រាបក៏កាឡាខ្លួនជាព្រាហ្មណ៍ចាស់មកសុំសាច់ទន្សាយជាអាហា​រ​។ ព្រះពោធិសត្វសុខចិត្តបូជាជីវិតដើម្បីអោយសាច់ដល់ព្រាហ្មចាស់ ប៉ុន្តែព្រាហ្មណ៍ចាស់ទូលព្រះអង្គថា "ខ្លួនគាត់កាន់សីលមកយូរហើយមិនអាចនិងសម្លាប់សត្វបានទេ" ទើបទន្សាយពោធិសត្វ បង្គាប់អោយព្រាហ្មណ៍បង្កាត់ភ្លើងឡើងរួចលោតចូលសម្លាប់ខ្លួនដើម្បីអោយសាច់ដល់ព្រាហ្មណ៍បរិភោគ។ ប៉ុន្តែមុននិងលោតចូលទៅក្នុងភ្នក់ភ្លើងនោះព្រះអង្គទ្រង់អធិដ្ឋានថាសុំអោយព្រះឆាយាល្ខ័នៃព្រះអង្គទៅប្រតិស្ឋានផ្តិតជាប់នៅនិងមណ្ឌលព្រះច័ន្ទរហូតលុះទីបំផុតកប្ប ដោយអនុភាពនែទានបរមត្ថបារមីនោះ។ អាស្រ័យរឿងនេះទើបបានជារូបទន្សាយទៅប្រាកដនិងមណ្ឌលព្រះច័ន្ទដូចដែលយើងមើលឃើញសព្វថ្ងៃនេះ។ លុះចំណេរមកខាងក្រោយបណ្តាជននាំគ្នារំលឹកកំណើតទន្សាយពោធិសត្វទើបធ្វើពិធីបុណ្យដែលហៅថា "អកអំបុក-សំពះព្រះខែ" ចំណីណាជាទីគាប់ចិត្តតម្រូវនិងអាស្រ័យនៃសត្វទន្សាយមាន《ចេក អំបុក ដំឡូង ដូង ត្រាវ》ជាដើមយកមកឧទ្ទិសថ្វាយផងជាហូរហែជាប់ជាទំនៀមទម្លាប់រហូតដល់សព្វថ្ងៃ។ អ្នកស្រុកបានជាប្រារព្ធធ្វើពិធីសំពះព្រះខែ-អកអំបុកនៅថ្ងៃពេញបូរណ៌មីខែកក្តិកនេះ ព្រោះជាពេលដំណាច់វស្សានកាលផងជាពេលសម្បូរដោយចេកអំបុកអំពៅត្រាវដំឡូវផង៕ **ដកស្រងចេញពីសៀវភៅប្រជុំរឿងព្រេងទំនៀមទម្លាប់ខ្មែរ**

Comments

Amazing post!