ទំនៀមដាក់ប្រាក់កាក់ក្នុងមាត់បុគ្គលដែលស្លាប់

D
dany
តាមទំនៀមខ្មែរយើងចាស់បុរាណ តែកាលណាមានមនុស្សស្លាប់តែងតែឃើញតាអាចារ្យបង្គាប់ឲយកប្រាក់កាក់ទៅដាក់ក្នុងមាត់ខ្មោចនោះមុននិងយកទៅបូជា។ ការធ្វើរបៀបនេះ គឺមានតាំងពីយូលង់ណាស់មកហើយពីមួយជំនាន់តមកមួយជំនាន់ ដែលអ្នកខ្លះមានអំណះអំណាងលើកយកមកបញ្ជាក់ហើយអ្នកខ្លះទៀតក៏នឹកឆ្ងល់មិនដឹងពីមូលហេតុអ្វីក៏ចាស់បុរាណធ្វើរបៀបនេះ តើមានហេតុភេទអ្វីរឺមានរឿងរ៉ាវដែលទាក់ទងនិងការដាក់ប្រាក់កាក់ក្នុងមាត់បុគ្គលដែលស្លាប់ទើបបានជាចាស់ៗបុរាណអនុវត្តន៌រហូតមកដល់សព្វថ្ងៃនេះ? ។ ដើម្បីបំបាត់នូវចម្ងល់ ក៏ដូចដើម្បីរក្សាទុកជាឯកសារពីទំនៀមទម្លាប់ខ្មែរយើងពីបុរាណមក នាងខ្ញុំបានធ្វើស្វែងរកអត្ថបទនេះពីសៀវភៅរឿងប្រជុំរឿងព្រេងនិទាននិងទំនៀមទម្លាប់ខ្មែរ លើកយកមកសរសេរដែលមានតំណាលរឿងដូចខាងក្រោម៖ **ទំនៀមដាក់ប្រាក់កាក់នៅក្នុងមាត់បុគ្គលដែលស្លាប់** https://s22.postimg.cc/wri4nakht/c8f0f9719cccfad818a508c2514149cef0f91e11_hq.jpg មានរឿងបុរាណដំណាលតៗគ្នាមកថា មានបុរសម្នាក់នៅជាមួយនឹងប្រពន្ធតាំងពីក្មេងដល់ចាស់ខំរកស៊ីបានមាសមួយបាទតែគ្មានកូនសោះ។ ប្តីប្រពន្ធនេះផ្តាំគ្នាទៅវិញទៅមកថា « បើអ្នកណាស្លាប់មុន ត្រូវយកមាសនេះដាក់មាត់អ្នកនោះ »។ ចំណេរតមកមិនយូរប៉ុន្មានប្តីស្លាប់មុនទៅ។ ប្រពន្ធក៏យកមាសនោះដាក់ក្នុងមាត់ប្តីហើយយកខ្មោចប្តីទៅបូជា។ ភ្លើងឆេះរលាយមាសនោះអស់នៅសល់តែ បី ស្លឹង។ សម័យមួយព្រះមហាក្សត្រមួយអង្គមានចិត្តលោភ គ្របសង្កត់ក៏ចេញព្រះរាជអាជ្ញាអោយរៃយកមាសក្នុងមួយផ្ទះចំនួនមួយបាទជាកំហិត។ យាយជាប្រពន្ធរបស់ខ្មោចតានោះក៏យកមាសបីស្លឹងដែលគាត់រើសទុកនោះទៅថ្វាយព្រះមហាក្សត្រហើយក្រាបទូលថា « ក្រាបទូលព្រះករុណា! មាសនេះពីដើមពេញមួយបាទ តែខ្ញុំម្ចាស់យកទៅបង់មាត់អោយប្តីៗខ្ញុំម្ចាស់យកទៅពុំបានក៏ត្រូវភ្លើងឆេះខាតអស់ខ្លះទៅ នៅសល់តែប៉ុណ្ណេះ សូមព្រះករុណាមេត្តាដល់សត្វទាល់ក្រផងចុះ ខ្ញុំម្ចាស់ទាល់មធ្យោបាយនឹងទៅរកមាសឯណា អោយគ្រប់ចំនួនថ្វាយព្រះអង្គពុំបានឡើយ»។ ព្រះមហាក្សត្រទ្រង់ព្រះសណ្តាប់ក៏កើតធម៌សង្វេគស្លុតព្រះទ័យទើបទ្រង់ប្រកាសអោយលើកលែង រៃយកមាសអំពីបណ្តារាស្រ្តតទៅទៀត។ អាស្រ័យរឿងនេះទើបបណ្តារាស្រ្តទាំងអស់យល់ថាប្រាក់ ឬ មាស ដែលបង់ក្នុងមាត់ខ្មោចមានអានុភាពទៅលើទឹកចិត្តមនុស្សណាស់សូម្បីព្រះមហាក្សត្រក៏ចុះចាញ់អានុភាពនេះដែរ។ មួយទៀតអានុភាពនៃប្រាក់ ឬ មាសបង់មាត់ខ្មោចនេះជាវត្ថុស័ក្កសិទ្ធអាចជួយរំដោះគ្រោះថ្នាក់ក្នុងពេលមានអាសន្នបាន។ https://s22.postimg.cc/ulj8ev4gh/IMG_8154.jpg ហេតុដូច្នេះឯង ទើបគេនាំគ្នាធ្វើរបៀបនេះជារៀងដ៏រាបរហូតកើតទៅជាទំនៀមទម្លាប់មក។ ប៉ុន្តែអ្នកប្រាជ្ញពីបុរាណដែលអោយយកមាស ឬ ប្រាក់ដាក់ក្នុងមាត់ខ្មោចគឺដើម្បីជាប្រស្នាអោយពិចារណាថា « សម្បត្តិទាំងអស់យើងអាចយកដាក់នឹងខ្លួនទៅបានខ្លះតែក្នុងវេលាមានជីវិត កាលបើស្លាប់ហើយយើងមិនអាចយកទៅបានទេ »។ រឿងនេះឯងដែលជាប់ជាទំនៀមរហូតមកដល់សព្វថ្ងៃ៕

Comments