ក្រសួងការពារជាតិ៖ ចាប់តាំងពីមានកិច្ចព្រមព្រៀងបទឈប់បាញ់មក មានការអភិវឌ្ឍន៍ជាវិជ្ជមានជាបន្តបន្ទាប់ រួមទាំងកិច្ចប្រជុំ GBC និង RBC
ឧត្តមសេនីយឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ មានប្រសាសន៍ថា ចាប់តាំងពីមានកិច្ចព្រមព្រៀងឈប់បាញ់មក មានការវិវឌ្ឍជាវិជ្ជមានជាបន្តបន្ទាប់ រួមទាំងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា-ថៃ (RBC)។
លោកស្រីបានបញ្ជាក់ថា ទាំងនេះគឺជាសញ្ញាល្អមួយទៀតក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងជាពិសេសគឺការស្តារឡើងវិញនូវភាពប្រក្រតីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ាលី ថ្លែងបែបនេះក្នុងសន្និសីទសារព័ត៌មានស្តីពី "លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ" នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។
លោកឧត្តមសេនីយ៍ឯក ម៉ាលី បានមានប្រសាសន៍ថា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ស្ថានភាពនៅតាមព្រំដែនយោធភូមិភាគទី៤ និងភូមិភាគទី៥ ក្នុងខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តព្រះវិហារ មានសភាពស្ងប់ស្ងាត់ ហើយកងកម្លាំងកំពុងប្រុងជើងការក្នុងការបំពេញភារកិច្ចជាបន្តបន្ទាប់។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការពារជាតិ បានសង្កត់ធ្ងន់ថា កម្ពុជាបន្តអំពាវនាវឱ្យភាគីថៃ អនុវត្តកិច្ចព្រមព្រៀង ប្រគល់ទាហានកម្ពុជាទាំង១៨នាក់ ដែលត្រូវបានថៃចាប់ខ្លួន ក្រោយកិច្ចព្រមព្រៀងឈប់បាញ់ ឱ្យមកជួបជុំគ្រួសារវិញ។
ក្រសួងការពារជាតិ និងសហគមន៍អន្តរជាតិ នឹងបន្តទាមទារឲ្យមានការដោះលែងទាហានកម្ពុជា។
ឧត្តមសេនីយឯក ម៉ាលី បាននិយាយថា “ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាននៅពាក់កណ្តាលអធ្រាត្រ ថ្ងៃទី 28 ខែកក្កដា ឆ្នាំ 2025 យើងបានសង្កេតឃើញការវិវត្តជាវិជ្ជមានជាបន្តបន្ទាប់ជាមួយនឹងការពិភាក្សាទ្វេភាគីរវាងប្រទេសទាំងពីរ ដូចជាកិច្ចប្រជុំ GBC វិសាមញ្ញនៅថ្ងៃទី 7 ខែសីហា នៅប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំ RBC វិសាមញ្ញនៅថ្ងៃទី 16 ខែសីហា ឆ្នាំ 2025”។
តាមរយៈជំនួបទ្វេភាគីរវាងថ្នាក់ដឹកនាំយោធានៃប្រទេសទាំងពីរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ាលី បានបញ្ជាក់ថា វាចាំបាច់ណាស់ដែលភាគីកម្ពុជា និងថៃ កសាងនូវការអភិវឌ្ឍន៍វិជ្ជមានទាំងនេះ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងជាពិសេសការស្តារឡើងវិញនូវភាពប្រក្រតីនៃទំនាក់ទំនងនៃប្រទេសទាំងពីរលើគ្រប់វិស័យ ដើម្បីជាប្រយោជន៍ដល់ប្រជាជនយើងទាំងពីរ។
ឧត្តមសេនីយឯក ម៉ាលី បានសង្កត់ធ្ងន់ថា កម្ពុជាបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងឈប់បាញ់ ព្រមទាំងស្មារតី និងការឯកភាពគ្នារវាងភាគីទាំងពីរនៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី 7 ខែសីហា ឆ្នាំ 2025 នៅប្រទេសម៉ាឡេស៊ីនាពេលថ្មីៗនេះ។
ឧត្តមសេនីយឯក ម៉ាលី បានបន្ថែមថា កម្ពុជានៅតែប្តេជ្ញាធ្វើការជាមួយប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីធានាការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព និងពេញលេញ និងដោះស្រាយរាល់ជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
ជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ហើយបានរាលដាលដល់ចំណុចផ្សេងទៀតតាមព្រំដែនកម្ពុជា-ថៃ។
ការប្រយុទ្ធគ្នាបានកើតឡើងបន្ទាប់ពីភាគីថៃបានបើកការបាញ់ប្រហារលើកដំបូងនៅប្រាសាទតាមាន់។
បន្ទាប់ពីកិច្ចប្រជុំស្តីពីបទឈប់បាញ់រវាងកម្ពុជា និងថៃ នៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ បទឈប់បាញ់ភ្លាមៗ និងគ្មានលក្ខខណ្ឌត្រូវបានប្រកាស ដែលចូលជាធរមាននៅម៉ោង ២៤ ៈ ០០ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥។
ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានមក កម្ពុជាមិនដែលបំពានឡើយ។

