ជ្រកភ្លៀង

D
dara1987
#ជ្រកភ្លៀង!
     មួយរយៈចុងក្រោយនេះចេះតែប្រាប់ខ្លួនឯងថាហត់ ហើយចង់សម្រាក...សម្រាកហើយក៏សម្រាកទៀតជាការសម្រាកដែលឥតដែនកំណត់....ហើយក៏មិនដែលគិតសួរខ្លួនឯងសោះថា ចង់សម្រាកដល់ពេលណា? តើត្រូវការពេលវេលាប៉ុន្មានទើបអាចស្រោចស្រង់ភាពហត់នឿយ និង ការបាក់ស្រុតខាងផ្នែកអារម្មណ៍ត្រលប់មកវិញ។ គឺគ្មានចម្លើយឆ្លើយតបសោះ ....
     ៦ខែកន្លងមកនេះ (រាប់តាំងពីខែ១១)ខ្ញុំតែងតែចុចប៊ូតុងផ្អាក....ផ្អាកគ្រប់សកម្មភាពដែលត្រៀមធ្វើ រឿងខ្លះតម្រូវឱ្យធ្វើភ្លាមៗតែខ្ញុំបែជាកំពុងលង់នឹងភាពងាយស្រួលគឺគ្រាន់តែចុចផ្អាក ឬ ប្រាប់ខ្លួនឯងឱ្យចាំសិន រង់ចាំរហូតដល់ខ្ញុំមានអារម្មណ៍ល្អឡើងមកសិន។ តែខ្ញុំបែជាភ្លេចសួរខ្លួនឯងថាពេលណាខ្ញុំអារម្មណ៍ល្អ? ការគិតវិជ្ជមាន ការរង់ចាំឱ្យគ្រប់យ៉ាងល្អប្រសើរឡើងដោយខ្លួនឯង ពេលនេះខ្ញុំគិតថាវាមិនអាចទៅរួច ប្រសិនបើយើងមិនធ្វើអ្វីម្យ៉ាងដើម្បីឱ្យវាមានលទ្ធផលជាវិជ្ជមាន។
មួយសប្ដាហ៍គត់ដែលខ្ញុំបានដើរចេញពីខ្លួនឯង លែងឈរខាងខ្លួនឯង តែខ្ញុំឈរមើលខ្លួនឯងពីចម្ងាយដោយសួរខ្លួនឯងដូច មេធាវីចោទសួរទៅកាន់កូនក្ដីថា៖ តើការរស់នៅរបស់ខ្ញុំពិតជាត្រូវរស់នៅដោយពឹងផ្អែកទៅលើការមានអារម្មណ៍ល្អ ឬ មិនល្អទាំងស្រុងមែនឬ? ចុះបើខ្ញុំមិនអាចមានអារម្មណ៍ល្អអស់មួយជីវិតតើគិតយ៉ាងម៉េចជាមួយជីវិតនេះជាបន្ដ? ការងារខ្ញុំ ក្ដីសុបិនខ្ញុំនឹងទៅជាយ៉ាងណា? ងាកមើលនាឡិកាចង្អុរដល់ម៉ោង១២យប់ មិនប៉ុន្មានាទីទៀត ស្អែកថ្មីនឹងចូលមកជំនួសថ្ងៃនេះដោយគ្មានការពន្យាពេលតទៅទៀត។ ខ្ញុំចាំផ្ដើមរាប់ខែក៏ឃើញថាខែទី៥នៃឆ្នាំ២០២០ជិតកន្លងទៅមួយខែទៀតហើយតើ ! 
តើខ្ញុំគួរបន្ដរង់ចាំ ដង្អក់ ចុចផ្អាកគ្រប់ពេលរហូតទៅឬ? 
        តើខ្ញុំគួរបន្ដជ្រកភ្លៀងគ្រប់វិនាទីដែលគ្រាប់ភ្លៀងទម្លាក់ចុះមក? ឬ ក៏សាកដើរកាត់ភ្លៀងម្ដង? សាកជម្នះនូវភាពរារែក សាកដើរកាត់ព្យុះដើម្បីសាកកម្លាំងខ្លួនឯងថា នឹងអាចឆ្លងកាត់ភ្លៀងមួយមេធំនេះបានដោយជោគជ័យទេ?
ពេលគិតបែបនេះខ្ញុំយល់បានដល់រឿងមួយទៀតថា ការរង់ចាំឱ្យខ្លួនឯងមានអារម្មណ៍ល្អសិនសឹមធ្វើ វានឹងគ្មានថ្ងៃមានលទ្ធផលល្អ ព្រោះថ្ងៃខ្លះការទទួលអារម្មណ៍ល្អៗវាស្ទើរតែគ្មាន បើយើងមិនព្រមទម្លុះចូលទៅក្នុងភាពតានតឹងអស់ទាំងនោះ ដូចយើងឈប់ជ្រកភ្លៀង លែងចាំឱ្យភ្លៀងរាំង....។

Comments