ប្រវត្តិបណ្តែតប្រទីប សំពះព្រះខែ អកអំបុក (ភាគទី១)



កាលពីព្រេងនាយ នាខាងដើមនៃភទ្ទកប្បយើងនេះ មានសត្វក្អែកសញីឈ្មោលបានកាច់សំបុកពងនៅឈើមួយដើម ដែលបានបញ្ចេញពងតាមធម្មជាតិជាសត្វនោះចំនួនប្រាំ។ ថ្ងៃមួយ ជាទេសកាលបណ្តាលឲ្យមានភ្លៀងបោកបក់ កួចយកសំបុកបក្សី ព្រមទាំងពងឲ្យធ្លាក់ចុះទៅក្នុងទឹកកំពុងហូរ។
លុះពេលល្ងាច ក្អែកញីឈ្មោលហើរត្រឡប់មកពីរកអាហារវិញ ស្រាប់តែបាត់សំបុកព្រមទាំងពង ហើយឃើញស្នាមបាក់រប៉ាត់រប៉ាយពាចឲ្យយល់បាន"ពិតជាការអន្តរាយបណ្តាលអំពីព្យុះ"ប៉ុន្តែក្អែកញីឈ្មោលនោះនៅមិនអស់ចិត្ត ចេះតែសញ្ជប់គិតក្រែងដូច្នេះក៏វិយោគបោកប្រាណព្រោះស្តាយស្រណោះពង ទាល់តែស្លាប់ទាំងគូទៅ ហើយទៅកើតជាព្រះឥន្រ្ទាធិរាជ នៅនាត្រៃត្រឹង្សសួគ៌ទេវលោក។
និយាយអំពីពងក្អែកទាំង៥ ដែលធ្លាក់ទៅក្នុងទឹក ហើយត្រូវ ខ្សែទឹកហូរនាំយកទៅនោះ ក៏ទៅធ្លាក់នៅក្នុងដៃនៃសត្វមាន់ ស្តេចនាគ អណ្តើក គោ និងខ្លា ដែលបានរើសមួយម្នាក់ៗ យកទៅបីបាច់ថែរក្សានៅទីអាស្រ័យរៀងៗខ្លួន។ ពងនោះលុះដល់កំណត់ពេលនឹងញាស់ហើយ ស្រាប់តែកើតកូនចេញមក សុទ្ធតែមនុស្សប្រុសទាំង៥។ ឯសត្វជាអាណាព្យាបាល ឃើញសេចក្តីអស្ចារ្យ ពេកក៏ខំថែរក្សាចិញ្ចឹម ដោយយកចិត្តទុកដាក់ជាទីបំផុត។
លុះទារកទាំង៥នោះ មានរ័យវឌ្ឍនាការធំឡើង ក៏មានចិត្តគិតឃើញរៀងខ្លួនថា"ខ្លួនអញជាមនុស្សសោះ ចុះហេតុអី្វបានជាមាតាបិតាសុទ្ធតែជាជាតិរច្ឆានដូច្នេះ!"។ ដោយគិតសព្វគ្រប់ហើយទើបរកមធ្យោបាយរៀងៗខ្លួន លាមាតាបិតាចិញ្ចឹមទីទៃៗរបស់ខ្លួន ដើម្បីដើរស្វែងរករៀនសិល្ប៍វិជ្ជាសន្សំកុសលកសាងពុទ្ធភូមិរៀងៗខ្លួន។ សត្វជាអាណាព្យាបាលទាំង៥ មានបណ្តាំតែមួយដូចគ្នា "បើកូនចេញទៅធ្វើការកសាងពុទ្ធភូមិ បានសម្រេចនៅថ្ងៃណា វេលាណា យើងសុំផ្ញើឈ្មោះរបស់យើងឲ្យនៅជាប់នឹងឈ្មោះអ្នកផង!"។
ដោយហេតុនោះឯង បានជាក្នុងភទ្ទកប្បយើងនេះមានព្រះពុទ្ធ ៥ព្រះអង្គ ទ្រង់ព្រះនាម"កុកន្ធោ(មាន់) កោនាគមនោ(នាគ) កស្សបោ(អណ្តើក) គោតមោ(គោ) សីរីអារ្យ មេត្តេយ្យោ (ខ្លា)" ដែលបានត្រាស់ដឹងតាមលំដាប់បងប្អូននិងបារមី ហើយយកនាមសត្វទាំង៥ ដែលជាអ្នកចិញ្ចឹមមកប្រកបភ្ជាប់នឹងព្រះនាមព្រះអង្គតាមបណ្តាំក្នុងរឿងតំណាលដូចពោលនេះ។
មាណពទាំង៥ ការចាកចេញឋានមាតាចិញ្ចឹមរៀងខ្លួន មកក៏បានមកជួបគ្នាទាំង៥នាក់នៅកន្លែងមួយ លុះសាកសួរគ្នា ឃើញថាមានគំនិតព្រមទាំងហេតុភេទដូចគ្នា ក៏សុំគ្នាធ្វើជាបងប្អូនរួម៤ស់ជាមួយគ្នារហូតទៅ។
(ដកស្រង់ចេញពីប្រជុំរឿងព្រេងភាគ៩បោះពុម្ភ គ.ស ២០០៣)

