ចៀសវាងការបន្លំ និងដំណើរការលឿនជាងមុន ក្រសួង រៀបចំបែបបទថ្មីផ្ទេរកម្មសិទ្ធិយានយន្ត



ក្រសួងពាក់ព័ន្ធ កំពុងរៀបចំប្រកាសថ្មីមួយ ដើម្បីរៀបចំបែបបទ និងនីតិវិធីផ្ទេរកម្មសិទ្ធិយានយន្ត ឱ្យកាន់តែមានភាពសាមញ្ញ និងងាយស្រួល។ក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី៥ធ្នូ ឆ្នាំ ២០១៨ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការដឹកនាំរបស់លោក ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ អន្តរក្រសួងបានពិនិត្យ និងកែស្រួល
ខ្លឹមសារលើប្រកាសអន្តរក្រសួងស្ដីពី បែបបទនិងនីតិវិធីនៃការផ្ទេរកម្មសិទ្ធិយានយន្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចប្រជុំនេះ បានផ្តោតទៅលើរបៀបវារៈ ចំនួនពីរគឺ ទី១ សេចក្តីព្រាងប្រកាសអន្តរក្រសួង ស្តីពីនីតិវិធីបង់ពន្ធប្រថាប់ត្រា និងការផ្ទេរកម្មសិទ្ធិយានយន្ត និងទី២ ការបង្កើតក្រុមការងារបច្ចេកទេសអន្តរក្រសួង ដើម្បីតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មដឹកជញ្ជូនផ្លូវគោក និងប្រព័ន្ធទិន្នន័យពន្ធដារ។
អន្តរក្រសួងបានឯកភាពថា ដើម្បីផ្ទេរកម្មសិទ្ធិយានយន្តបាន ប្រជាពលរដ្ឋជាម្ចាស់យានយន្ត និងត្រូវទៅបំពេញសំណុំបែបបទ បង់ពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិ នៅទីតាំងផ្តល់សេវា កំណត់ដោយអគ្គនាយកដ្ឋានពន្ធដារ ជាមុនសិន។
បន្ទាប់មក ម្ចាស់កម្មសិទ្ធិយានយន្ត នឹងត្រូវយកឯកសារពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិ និងឯកសារពាក់ព័ន្ធមកកាន់ ទីតាំងផ្តល់សេវាដែលកំណត់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីស្នើផ្ទេរកម្មសិទ្ធិតែម្តងជាការស្រេច។
អន្តរក្រសួង នឹងបង្កើតក្រុមការងារ តភ្ជាប់ប្រព័ន្ធចែករំលែកទិន្នន័យជាមួយគ្នាទៅវិញទៅមក ដើម្បីចូលរួមកាត់បន្ថយពេលវេលាទទួលសេវា និងនីតិវិធីស្មុគស្មាញក្នុងការផ្ទេរកម្មសិទ្ធិយានយន្ត និងដើម្បីលុបបំបាត់ការក្លែងបន្លំឯកសារសាធារណៈ ក៏ដូចជាជំរុញការលុបយានយន្តដែល មិនបង់ពន្ធលើមធ្យោបាយធ្វើដំណើរប្រចាំឆ្នាំ ឬមិនបានយកមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសត្រឹមត្រូវ។
តាមរយៈកិច្ចប្រជុំពិភាក្សានេះ ទទួលបានលទ្ធផលជាទីផ្លែផ្កា ដោយខ្លឹមសារនៃប្រកាសអន្តរក្រសួង ស្ទើរតែទាំងស្រុងត្រូវបានឯកភាព អនុលោមតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ដោយឡែក ប្រការមួយចំនួនតូចដែលអង្គប្រជុំ ថ្នាក់ជំនាញមិនទាន់បានសម្រេច នឹងត្រូវទុកជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច។
សូមជម្រាបថា កន្លងទៅ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការតភ្ជាប់ប្រព័ន្ធ ជាមួយនឹងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងកំពុងប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីផ្ទៀងផ្ទាត់សន្លឹកពន្ធនាំចូល ដែលបានចូលរួមចំណែកពង្រឹងការគ្រប់គ្រងចុះបញ្ជីយានយន្តកាន់តែប្រសើរ និងបានបង្កើនចំណូលពន្ធនាំចូលជូនជាតិផងដែរ៕
ប្រភព៖ Sabay News
ដកស្រង់ដោយៈ phallyonline.com

