ព្រះរាជអាជ្ញាខេត្តរតនគិរី គ្រោងប្តឹងឧទ្ធរណ៍ ចៅក្រម សាន ប៊ុនធឿន ដោះលែងថៅកែឈើ
ភ្នំពេញ៖ លោក ជា ពេជ្រ ព្រះរាជអាជ្ញានៃអយ្យការ អមសាលា ដំបូងខេត្តរតនគិរី បានថ្លែងបញ្ជាក់ តាមទូរស័ព្ទនៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះថា លោកកំពុងរៀបចំ ឯកសារប្តឹងឧទ្ធរណ៍ ចំពោះសេចក្តីសម្រេច របស់លោក សាន ប៊ុនធឿន ចៅក្រមស៊ើប នៃសាលាដំបូងខេត្តរតនគិរី ដែលបានសម្រេចដោះលែង ថៅកែជនជាតិវៀតណាមម្នាក់ ដែលចូលមករកស៊ីដោយខុសច្បាប់ និងបានបំផ្លាញធនធានធម្មជាតិខ្មែរ។
លោក ជា ពេជ្រ បានឲ្យដឹងថា ជនត្រូវចោទ ឈ្មោះ ផាម ថេគឿង ភេទប្រុស អាយុ ៤១ឆ្នាំកាន់លិខិតឆ្លងដែនលេខ ០០៣១១៦២មានស្រុកកំណើត ខេត្តហាយផុង ប្រទេសវៀតណាម ត្រូវបានសមត្ថកិច្ច អន្តោប្រវេសន៍ ឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ដោយសង្ស័យថា ជនត្រូវចោទ បានចូលមករស់នៅក្នុងទឹកដីកម្ពុជាដោយខុសច្បាប់។
ក្រោយពេលឃាត់ខ្លួន យកទៅសាកសួរ ជនត្រូវចោទឈ្មោះ ផាម ថេគឿង បានសារភាពថា រូបគេចូលមកទឹកដីកម្ពុជា មិនមែនមករស់នៅខុសច្បាប់ទេ គឺមកដើរទិញឈើ ប្រណិត នៅស្រុកអូរជុំ ស្រុកវើនសៃ និងស្រុកតាវែង ខេត្តរតនគិរី យកទៅលក់នៅប្រទេសវៀតណាម។
ក្រោយមកសមត្ថកិច្ចអន្តោប្រវេសន៍ បានប្រគល់ជនត្រូវចោទ ឲ្យទៅនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងបានឲ្យជនត្រូវចោទ នាំទៅ ស្រុកវើនសៃ ជាកន្លែងដែលរូបគេ ស្តុកឈើដែលគេទិញបាន។
លោក ជា ពេជ្រ អះអាងថា ឈើដែលជនត្រូវចោទទិញដោយខុសច្បាប់បម្រុងដឹកយកទៅវៀតណាមនោះ មានច្រើនម៉ែត្រគូប ណាស់ ដោយមេឃភ្លៀងច្រើន សមត្ថកិច្ច នៅពុំទាន់ដឹកជញ្ជូនឈើ ពីកន្លែងលាក់ទុកទៅរក្សាទុក ធ្វើជាភស្តុតាងអស់នៅឡើយទេ។
ព្រះរាជអាជ្ញា ខេត្តរតនគិរីដដែលបាន ឲ្យដឹងទៀតថា ក្រោយរកឃើញបទល្មើស ពាក់ព័ន្ធនឹងព្រៃឈើ ទើបលោកបញ្ជាឲ្យ នគរបាលជំនាញកសាងសំណុំរឿង បញ្ជូនខ្លួនឈ្មោះ ផាម ថេគឿង ទៅតុលាការ។
លោកព្រះរាជអាជ្ញារង ហាក់ ហ៊ាន់ ជាតំណាងអយ្យការកាន់សំណុំរឿង ថៅកែវៀតណាមឈ្មោះ ផាម ថេគឿង នេះបានបញ្ជាក់តាមទូរស័ព្ទផងដែរថា ក្រោយទទួលបានសំណុំរឿងនេះ លោកបានបើកកាស៊ើបសួរ និងសម្រេចចោទប្រកាន់លើឈ្មោះ ផាម ថេគឿង ពីបទ ប្រមូល និងធ្វើសន្និធិផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត យោងតាមមាត្រា ៩៦ និងមាត្រា ៩៨ ចំណុច ទី២ និងចំណុច ៥ នៃច្បាប់ស្តីពី ព្រៃឈើ។
លោក ហាក់ ហ៊ាន់ ថាលោកបានបញ្ជូន សំណុំរឿងនេះទៅចៅក្រមស៊ើបសួរ ដោយបានស្នើសុំឲ្យចៅក្រម សម្រេចឃុំខ្លួន ជនត្រូវចោទឈ្មោះ ផាម ថេគឿង ជាបណ្តោះអាសន្ន ប្រយោជន៍ដើម្បី ស្រាវជ្រាវ លើករណីនេះបន្ថែមទៀត ប៉ុន្តែបែរជាលោក សាន ប៊ុនធឿន ជាចៅក្រមស៊ើបសួរ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ បានសម្រេចដោះលែងជនត្រូវចោទឲ្យត្រលប់ទៅវិញ ដោយមិនបានបញ្ជាក់ពីមូលហេតុច្បាប់លាស់ នៅក្នុងសេចក្តីសម្រេចមិនឃុំខ្លួន ជនត្រូវចោទនោះឡើយ។
ទាំងលោក ជា ពេជ្រ ព្រះរាជអាជ្ញាខេត្តរតនគិរី និងលោក ហាក់ ហ៊ាន់ ជាតំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរី សុទ្ធតែបានអះអាងដូចគ្នាថា ពួកលោកមិនសុខចិត្តចំពោះ សេចក្តីសម្រេច របស់ លោកចៅក្រម សាន ប៊ុនធឿន នោះទេ។
ពួកលោកថា ចៅក្រមស៊ើបសួរ មានឆន្ទានុសិទ្ធិសម្រេចឃុំ ឬមិនឃុំខ្លួន ជនត្រូវចោទពិតមែន ក៏ប៉ុន្តែច្បាប់ ក៏បានបើកផ្លូវឲ្យពួកលោកប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្តីសម្រេចនោះផងដែរ ដូច្នេះពួកលោកត្រូវតែប្តឹង និងរៀបចំឯកសារភស្តុតាង បញ្ជូនទៅថ្នាក់លើ ឲ្យថ្នាក់លើបានជ្រាប អំពីរឿងនេះ។
ពាក់ព័ន្ធនឹងសេចក្តីសម្រេច ដោះលែងជនត្រូវចោទជាថៅកែ ជនជាតិវៀតណាមឈ្មោះ ផាម ថេគឿង នេះយើងនៅមិនទាន់អាចសុំការបញ្ជាក់ពីមូលហេតុ ពីសំណាក់លោកចៅក្រម សាន ប៊ុនធឿន បាននៅឡើយទេ ព្រោះលេខទូរស័ព្ទរបស់លោកហៅមិនចូល។
ចំណែកលោក កែវ ពិសុទ្ធ អ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរី បានត្រឹមតែឆ្លើយថា ចាំលោកសួរលោកចៅក្រម សាន ប៊ុនធឿន សិន ចំពោះមូលដហេតុដែលនាំឲ្យ មានការដោះលែង ថៅកែជនជាតិវៀតណាមខាងលើ។
លោកថា ប្រសិនបើបានព័ត៌មានអ្វី ចាំលោកប្រាប់វិញ ប៉ុន្តែមកដល់ពេលនេះមិនឃើញលោកបញ្ជាក់ពីមូលហេតុនៃការដោះលែងនេះបាននៅឡើយទេ៕!(https://(https://serey.io/imageupload_data/886c254e2e0d9bdeb57c1367ec74c48805699605)

