ចំណុចគួរប្រុងប្រយ័ត្ន ដែលកុមារប្រឈមនឹងជំងឺសួត..!
របេងសួតជាជម្ងឺធ្ងន់ធ្ងរ វាមិនមែនជាជម្ងឺតំណពូជទេ តែវាជាជម្ងឺឆ្លង។ មេរោគរបេង ឈ្មោះបាស៊ីដឺកុក។ ដែលគេនិយមហៅថា បេកា។ មេរោគនេះគឺវាមានទំហំតូចល្អិតក្រៃលែង ដោយគេមិនអាចមើលវាដោយភ្នែកទទេឃើញទេ គឺ ប្រើមីក្រូទស្សន៍ដើម្បីមើលរូបរាងវា។
ជម្ងឺនេះច្រើនប៉ះពាល់លើមនុស្សដែលមានជីវភាព ខ្វះខាត និង អ្នកដែលមិនប្រកាន់ខ្ជាប់ខ្ជួននូវអនាម័យ។ សរីរាង្គដែលប៉ះខ្លាំងជាងគេគឺសួត តែមិនមែនសរីរាង្គផ្សេងៗមិនមានការប៉ះពាល់នោះទេ គ្រាន់តែសួតគឺចំបងជាង។
របេងសួតជាជម្ងឺឆ្លងតាមផ្លូវដង្ហើម អ្នកដែលកើតជម្ងឺនេះ ពីដំបូងគ្មានអ្វីប្លែកទេ វាគ្រាន់តែធ្វើអោយឆាប់ហេវហត់ ជាងធម្មតា ទទួលទានមិនសូវបាន គ្រុនក្ដៅនៅពេលល្ងាច នឹង បែកញើសនៅពេលយប់។ ពេលដែលមេរោគនេះស៊ីសួត ហើយបង្កើតបានជារន្ធ អ្នកជម្ងឺក្ដៅខ្លួនជាប់ ស្រកទម្ងន់ ស្គមស្គាំង ក្អកស្ងួត។ នៅពេលណាមួយនោះ ក្អកធ្លាក់ឈាម។ គ្មានការព្យាបាល អ្នកជម្ងឺ នឹង ស្លាប់ដោយប្រដាប់ដង្ហើម ធ្វើការមិនធម្មតា។
របៀបចម្លង
របេងជាជម្ងឺឆ្លងខ្លាំងណាស់ ជាធម្មតានៅពេលក្អក ឬ កណ្ដាស់ ឬ អ្នកជម្ងឺខាកស្ដោះ នៅចំពោះមុខអ្នកដ៏ទៃ ពេលនោះមេរោគបេកា បានផ្សព្វផ្សាយពេញទីនោះ។ មេរោគនោះបានហុច តាមខ្យល់ ទៅចូលក្នុងខ្លួនអ្នកដទៃ ដែលឈរជិតនោះតាមផ្លូវដង្ហើម។ ប្រសិនណាបើពេលក្អក ឬ កណ្ដាស់ អ្នកជម្ងឺយកកន្សែងខ្ទប់មាត់ នឹង មិនខាកស្ដោះ ចោលនៅចំពោះមុខអ្នកដទៃនោះ ការឆ្លងនោះមិនកើតមានដែរ។
ការឆ្លងនេះកាន់តែមានសភាពខ្លាំងក្លាចំពោះមនុស្សទាំងអស់ណា ដែលប្រាស្រ័យផ្ទាល់ដោយ ធ្វេសប្រហែស ឬ មានភាពស្និទ្ធស្នាល ដោយខ្វះការប្រុងប្រយ័ត្ន ជាមួយអ្នកជម្ងឺ។ ការស្នាក់នៅ ដេកនៅជាមួយអ្នកជម្ងឺ សុទ្ធតែត្រូវឆ្លងជម្ងឺទាំងអស់។
ពេលទទួលទានអាហាររួមតុ ចានសម្លរួម បើមានសមាជិកណាម្នាក់ នៅក្នុងនោះមានជម្ងឺរបេង សួតក្អក កណ្ដាស់ លក្ខណៈនេះក៏គ្រប់គ្រាន់សម្រាប់ រាលដាលជម្ងឺរបេង ដល់សមាជិកវង់បាយទាំងអស់គ្នា។
ឧទាហរណ៍ ៖ គ្រូបង្រៀនម្នាក់មានជម្ងឺរបេងសួត គាត់ខំស្រែកពន្យល់សិស្ស គាត់ក្អកកណ្ដាស់។ លក្ខណៈនេះក៏គ្រប់គ្រាន់ សម្រាប់ការឆ្លងមេរោគរបេង ដល់សិស្សទាំងអស់ក្នុងថ្នាក់រៀនបាន។
អ្នកជម្ងឺរបេងសួត បានខាកស្ដោះ ចោលពាសវាលពាសកាលលើដី កំហាកមាន បេកា ទាំងនោះស្ងួត ហើយបេកា រស់នៅលាយឡំជាមួយធូលីដី។ ពេលមានខ្យល់ខ្លាំង បេកា ក៏ហុយប៉ើងតាមធូលីដីរួចចូលទៅក្នុងខ្លួន អ្នកជា តាមផ្លូវដង្ហើម ហើយក៏បង្កើតជាជម្ងឺរបេងសួត។
វិធីបង្ការ រោគរបេង
១. បំបាត់ មេរោគ បេកា
អ្នករបេងសួតត្រូវតែចេះប្រើប្រាស់កូនកន្សែង សម្រាប់ខ្ទប់មាត់ពេលក្អក កណ្ដាស់ ឬ ពេលប្រាស្រ័យទាកទងជាមួយមិត្តភក្តិ ឬ ញាណសន្ដាន។
មិនត្រូវខាកស្ដោះ ចោលពាសវាលពាសកាល
ត្រូវខាកស្ដោះដាក់បន្ថោរ ក្នុងនោះមានទឹក Eau de Javel ឬ ទឹកកំបោរ សម្រាប់សម្លាប់មេរោគ
បើមានការធ្វើដំណើរ អ្នកជម្ងឺរបេងត្រូវតែខាកស្ដោះដាក់ថង់ រួចកប់ថងនោះចោលក្នុងដី ពេលទៅដល់ផ្ទះ
អ្នកមានជម្ងឺរបេងគ្រប់ប្រភេទទាំងអស់ ត្រូវតែទទួលការព្យាបាលអោយបានត្រឹមត្រូវក្នុងរយះពេលកំណត់មួយ តាមបញ្ជាគ្រូពេទ្យ
២. ការពារមជ្ឈដ្ឋានរស់នៅ
ត្រូវទទួលទានឲ្យបានគ្រប់គ្រាន់ និង ប្រកាន់ខ្ជាប់នូវអនាម័យ លើចំណីអាហារ និងលំនៅដ្ឋាន។
ត្រូវជៀសវាងការបាក់កម្លាំង (ទាំងផ្លូវកាយ ផ្លូវចិត្ត)
អ្នកផឹកស្រាក៏ជាប្រភពនៃជម្ងឺរបេង (ត្រូវធ្វើការអប់រំ)
ត្រូវហាត់ប្រាណអោយបានញឹកញាប់ ដើម្បីសុខភាព
៣. ការការពារកុមារ
ត្រូវបំបែកកូនង៉ែតតាំងពីកើតមកភ្លាម ពីប្រភពចម្លង (បើសិនជាម្ដាយជាអ្នកមានជម្ងឺរបេង)
ត្រូវចាក់ថ្នាំបង្ការជម្ងឺរបេងដល់ទារក អោយបានឆាប់បំផុត ដែលអាចធ្វើទៅបាន ក្រោយពេលកើតភ្លាម
កុមារធំៗ (មុនចូលសាលារៀន) ត្រូវធ្វើតេស្ត I.D.R។
ប្រភេទកុមារ (ព្រមទាំងសមាជិកគ្រួសារទាំងអស់) ដែលរស់នៅជាមួយអ្នកជម្ងឺរបេងសួត ត្រូវយកចិត្តទុកដាក់តាមដានអោយបានម៉ត់ចត់។ បើថតសួតទៅឃើញមានរោគសញ្ញាគ្រប់គ្រាន់ នiង សន្មត់ថា កុមាររូបនោះកើតជម្ងឺរបេង គេត្រូវតែទទួលការព្យាបាលអោយបានត្រឹមត្រូវ ហើយតាមរយះកាលកំណត់របស់គ្រូពេទ្យ។
គួរបង្ករលក្ខណៈឲ្យកុមារបានដើរកំសាន្ដ យកខ្យល់អាកាសបរិសុទ្ធ៕

