លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្លែងថា កម្ពុជានឹងវិនិយោគលើប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋានដោយប្រព័ន្ធកុំព្យូទ័រ ដែលអាចចុះបញ្ជីតាមរយៈវេបសាយ និងបច្ចេកវិទ្យាទូរស័ព្ទ ដែលនឹងសម្រួលដល់ការផ្តល់សេវាអត្រានុកូលដ្ឋាន។
លោកថ្លែងបែបនេះក្នុងកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ដ្រីស្ដីពីការអភិវឌ្ឍប្រព័ន្ធអត្រានុកូលដ្ឋានមួយដ៏រឹងមាំការបញ្ចូលបទពិសោធន៍ពីការរាតត្បាតនៃជំងឺកូវីដ ១៩ ទៅក្នុងដំណាក់កាលទី ២ នៃទសវត្សរ៍អត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា តាមប្រព័ន្ធវីដេអូ។
លោកថ្លែងថា៖ "កម្ពុជានឹងវិនិយោគលើប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋានដោយប្រព័ន្ធកុំព្យូទ័រ ដែលអាចចុះបញ្ជីតាមរយៈវេបសាយ និងបច្ចេកវិទ្យាទូរស័ព្ទ និងកំណត់អំពីការកែសម្រួលរបៀបរបបការងារដែលនឹងសម្របសម្រួលដល់ការផ្តល់សេវា និងការចុះបញ្ជីអត្រានុកូលដ្ឋាន"។
លោក ស ខេង ថ្លែងថា ស្ថានភាពនៃជំងឺកូវីដ ១៩ នៅកម្ពុជាបានរំខានដល់សកម្មភាពសង្គម-សេដ្ឋកិច្ចទូទៅ ក្នុងនោះ ក៏មានផលប៉ះពាល់លើលទ្ធភាពរបស់រដ្ឋាភិបាលក្នុងការរក្សាការផ្តល់សេវា និងមុខងារអនុវត្តជាប្រចាំនៃប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋានផងដែរ។ នេះបើតាមហ្វេសប៊ុកក្រសួងមហាផ្ទៃកាលពីថ្ងៃទី ១៩ ខែវិច្ឆិកា។
លម្អិត https://www.postkhmer.com/national/2021-11-20-1034-227093.html

