ប្រទេស​១៣១​លើ​ពិភពលោក​ប្ដេជ្ញា​រួម​គ្នា​បញ្ឈប់​ការ​បាត់បង់​ព្រៃឈើ

P

ប្រទេស​ចំនួន​១៣១ ដែល​បាន​ចុះហត្ថលេខា​លើ​សេចក្តី​ប្រកាស​ទីក្រុង Glasgow ស្ដីពី​ការ​រួម​គ្នា​បញ្ឈប់​ការ​បាត់បង់​ព្រៃឈើ បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ដែល​បាន​ផ្សាយ​លើ​គេហទំព័រ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៥ វិច្ឆិកា គឺ​សង្កត់​ធ្ងន់​ទៅលើ​តួនាទី​សំខាន់ និង​អាស្រ័យ​គ្នា​ទៅវិញ​ទៅមក​នៃ​ព្រៃឈើ​គ្រប់​ប្រភេទ ជីវចម្រុះ និង​ការ​ប្រើប្រាស់​ដី​ប្រកប​ដោយ​និរន្តរភាព​ក្នុង​ការ​ធ្វើ​ឱ្យ​ពិភពលោក​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព។

ប្រភព​ដដែល​អះអាង​ថា ពួកគេ​បាន​ប្ដេជ្ញា​ធ្វើការ​រួម​គ្នា​ដើម្បី​បញ្ឈប់​នូវ​ការ​ធ្វើ​ឱ្យ​បាត់បង់​ព្រៃឈើ និង​ការ​រេចរឹល​ផែនដី​ត្រឹម​ឆ្នាំ​២០៣០ ដើម្បី​ផ្តល់​នូវ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។ ជាង​នេះ​ទៀត ក៏​ដើម្បី​ជួយ​សម្រេច​បាន​នូវ​តុល្យភាព​រវាង​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដែល​អាច​សម្រប​ខ្លួន​បាន​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ និង​ថែរក្សា​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី​ផ្សេង​ទៀត​ផង​ដែរ។

សេចក្តី​ប្រកាស​នេះ ធ្វើឡើង​ដោយ​ស្រប​តាម​អនុសញ្ញា​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ ស្ដីពី​បម្រែបម្រួល​អាកាសធាតុ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស អនុសញ្ញា​ស្ដីពី​ភាព​ចម្រុះ​ជីវសាស្ត្រ អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វាលខ្សាច់ ដើម្បី​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព។

ប្រទេស​ទាំង​១៣១ ខាងលើ បញ្ជាក់​ថា នេះ​គឺជា​កិច្ចការ​ដែល​ត្រូវ​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស រួម​ទាំង​ការ​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​ចំពោះ​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ និង​រក្សា​ការ​កើន​ឡើង​នៃ​សីតុណ្ហភាព​ជា​មធ្យម​របស់​ពិភពលោក ឱ្យ​នៅ​ខាងក្រោម ២​អង្សា និង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​កំណត់​ឱ្យ​បាន​នៅ​ត្រឹមតែ ១,៥​អង្សា​ទៅ​ថ្ងៃ​អនាគត។

Comments