រពឹសដៃផ្ទៃឆ្អែត

ថ្ងៃភ្ជុំបិណ្ឌគឺជាថ្ងៃដែលរីករាយ សម្រាប់បងប្អូនជនរួមជាតិ ព្រោះគាត់បានឈប់សម្រាកពីការងា ហើយទៅលេងស្រុកកំណើត និងធ្វើដំណើរកំសាន្តទៅតំបន់ទេសចរណ៍នានា។ សម្រាប់រូបខ្ញុំក៏មិនខុសពីបងប្អូនក្នុងបណ្តាញសង្គមសេរីដែរ ខ្ញុំបានទៅស្រុកកំណើត ហើយពេលទៅដល់ផ្ទះឃើញជុំវិញផ្ទះមាន រងបន្លែ ហើយខាងក្រោយផ្ទះមានមាន់ច្រើនក៏រីករាយ ព្រោះដឹងថាឪពុកខ្ញុំគាត់បានឆ្លៀតពីទំនេរពីការងារមន្ត្រីរាជាការ គាត់បានដាំបន្លែ និងចញ្ចឹមមាន់។ អ្វីដែលរូបខ្ញុំចង់បង្ហាញបងប្អូនក្នុងបណ្តាញសង្គមដែលមានឥទ្ធិពលមួយនេះគឺ ទស្សនៈដែលលើកឡើងថា “រពិសដៃផ្ទៃឆ្អែត” ។ តើទស្សនៈមានន័យយ៉ាងណា? រូបខ្ញុំសូមធ្វើការអធិប្បាយដូចតទៅ៖
ពាក្យរពិសដៃផ្ទៃឆ្អែត ពាក្យនេះខ្ញុំបានឮលើកដំបូលកាលពីរៀនថា្នក់បឋមសិក្សា ប្រហែលជាថា្នក់ទី៣ គ្រូបានបង្រៀនអត្ថបទមួយមានចំណងជើងថា “រពិសដៃផ្ទៃឆ្អែត” ហើយពាក្យនេះនៅតែមានខ្លឹមសារ និងអត្ថន័យយ៉ាងល្អទាក់ទាងនឹងការងារ និងជីវភាពរបស់បងប្អូនប្រជាជនខ្មែរ។
រពឹសដៃ គឺចង់សំដៅលើការធ្វើការងារដែលមិនចេះទំនេរ ដោយដកដង្ហើមចោលឥតប្រយោជន៍នោះទេ តែឆ្លៀតធ្វើនេះធ្វើនេះឲ្យជាប្រយោជន៍សម្រាប់ជីវភាពគ្រួសារ។ មកដល់ត្រង់ចំណុចនេះខ្ញុំសូមលើកយកទាក់ទងនឹងការដាំបន្លែ សម្រាប់គ្រួសារដែលរស់នៅជនបទ។ នៅតាមគ្រប់បណ្តាខេត្តបងបង្អូនយើង ភាគច្រើនគាត់ទុកដីជុំវិញផ្ទះឲ្យទំនេរ តែបើគាត់ឆ្លៀតដាំបន្លែបន្តិចបន្តួចគា្រន់សម្រាប់បរិភោគសម្រាប់គ្រួសារ មិនទិញគេគឺពិតជាល្អ។
បច្ចុប្បន្នប្រទេសកម្ពុជាយើងនាំចូល បន្លែផ្លែឈើ និងត្រីសាច់យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីប្រទេសជិតខាងមានវៀតណាម និងថៃជាដើម បើនិយាយពីប្រជាជនយើងវិញប្រមាណជា ៨០% ប្រកបរបកសិកម្ម តែយើងនៅតែមិនទាន់ផ្នត់គំនិតដាំបន្លែសម្រាប់គួ្រសារ និយាយនេះមិនបន្តុះបង្អាប់ជាតិសាសន៍ឯងនោះទេ តែវាភាគច្រើនគឺអញ្ចឹង។
ការដាំបន្លែសម្រាប់គ្រួសារវាមិនត្រឹមធ្វើឲ្យយើងមិនអស់ប្រាក់ច្រើនទិញបន្លែពីផ្សារនោះទេ តែវាថែមទាំងជួយឲ្យយើងមានបន្លែធម្មជាតិ គ្មានជាតិគីមីប៉ះពាល់សុខភាព និងមានរស់ជាតិឆ្ងាញពិសាថែមទៀតផង។ បងប្អូនខ្មែរយើង ១០ នាក់ មាន១១នាក់មានបញ្ហាក្រពះ ពោះវៀន ហើយបើសួរគាត់ទៅគាត់ដឹងច្បាស់ណាស់ហើយតែងតែលើកឡើងថា “មកពីបន្លែ ផ្លែឈើគេដាក់ថ្នាំគីមី” ។ អាហារមិនត្រឹមតែអាចបំពេញសេចក្តីស្រេកឃ្លានបានទេ តែវាក៏ជាឧសថធ្វើឲ្យសុខភាពប្រសើរឡើងផងដែរ ហើយការបរិភោគអាហារដែលដាំដោយដៃយើងផ្ទាល់ពិតជាមានសុវត្ថិភាពណាស់។
ការដាំបន្លែងាយៗ មានដូចជាត្រកួន ស្ពៃ ផ្ទី ខាត់ណាដើម ....ហើយបើសត្វវិញយើងអាចចិញ្ចឹមមាន់ ត្រី... ជាលក្ខណៈគ្រួសារវាកាន់តែល្អបើយើងហូបមិនអស់ យើងអាចលក់យកប្រាក់បន្ថែមដើម្បីគ្រួសារថែមទៀតផង។ ធ្វើបែបនេះសមាជិកគ្រួសារ ប្រកដជាជួយគ្នាព្រោះបានចំណូលដល់គ្រួសារ និងធ្វើឲ្យជីវភាពប្រសើរឡើង ដោយមិនទំនេរគិតដល់រឿងផ្សងសំណាងចាក់ឆ្នោត កន្ទុយលេខ មើលរឿងភាគថៃ ដើរផ្ទះគេ ដែលជាសកម្មភាពឥតប្រយោជន៍ហើយ ដល់ពេលក្រតាំងពោលថា រដ្ឋមិនគិតជួយ។
ការរពឹសដៃដាំបន្លែក្បែរផ្ទះ ចិញ្ចឹមសត្វវាពិតប្រយោជន៍ ហើយទាមទារឲ្យមានអត់ធ្មត់ព្រោះប្រជាជនយើងភាគច្រើនមិនទាន់មានទំលាប់នេះនៅឡើយទេ។
យើងអាចធ្វើបានរឿងនេះហើយវាមិនពិបាកទេបើយើងយល់ពីតម្លៃនៃការងាតិចតួចនេះ តែវាឲ្យផល់ច្រើនហួសការស្មាន។ បើប្រជាជនយើងនាំគ្នាធ្វើ នោះយើងនិងអាចកាត់បន្ថយការនាំចូល បន្លែ ត្រីសាច់បានហើយជីវភាពប្រជជនក៏រីកចម្រើន និងមានសុខមាភាព ព្រមទាំងយើងទាំងអស់គ្នាជួយគ្នាកាត់បន្ថភាពក្រីក្របានមួយកម្រិត ហើយមិនយូរប្រទេសយើងនឹងក្លាយជាប្រទេសអភិវឌ្ឍន៍។



(បន្លែកាត់ជិតអស់ហើយ)
បើមានខុសឆ្គងសូមអភ័យទោស!
ដោយបំណងល្អពីខ្ញុំបាទ ភួង សុខ

