មានវត្តមួយ ដែលសង់នៅទីទួលខ្ពស់ជាងគេបំផុតតែ១គត់នៅកម្ពុជា

P
pornvy001
![](https://serey.io/imageupload_data/1dc55a3b898f1006bc45099ed5365f771c86a221) ប្រជាពលរដ្ឋខ្មែរភាគច្រើ​នតែងបានដឹងឮហើយថា ភ្នំដែលខ្ពស់ជាងគេនៅកម្ពុជា គឺភ្នំ​ឱរ៉ាល់ ដែលមានកម្ពស់រហូតដល់ទៅ ១,៨១៣ម៉ែត្រ ប៉ុន្តែមានប្រជាពលរដ្ឋខ្មែរតិចបំផុតដែលដឹងថា វត្តអារាមខាងព្រះពុទ្ធសាសនាដែលសង់លើទីខ្ពស់ជាងគេ មានឈ្មោះអ្វី ហើយនៅឯណានោះទេ។ក្នុងដំណើរបេសកកម្ម «Mercedes និងកំណប់អាថ៌កំបាំង» ដែលមានការចូលរួមពីស្ថាប័នល្បីៗនៅកម្ពុជាចំនួន៣ រួមមាន ក្រុមហ៊ុន Star Auto Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយរថយន្តទំនើប Mercedes Benz នៅកម្ពុជា រួមជាមួយអង្គភាពព័ត៌មាន Fresh News និងអង្គភាពព័ត៌មានអេឡិចត្រនិកថ្មីៗ ដែលសុទ្ធតែជាមួយអង្គភាព ព័ត៌មានដ៏ល្បីនៅកម្ពុជាដែរនោះ បានសម្រេចជោគជ័យក្នុងការឡើងទៅដល់កំពូលភ្នំឱរ៉ាល់ ដោយចំណាយរយៈពេលជិត៣ថ្ងៃ២យប់។ ![](https://serey.io/imageupload_data/b982bd6a64ec5703bb00b954b0d9eed6340e3224) ក្នុងដំណើរផ្សងព្រេងដ៏ស្វិតស្វាញខាងលើ ក្រុមអ្នកផ្សងព្រេងបានទៅឃើញវត្តអារាមឈើប្រក់ស័ង្កសីមួយមានឈ្មោះថា «វត្តកបិលមហាព្រហ្មនិមិត្ត» តម្រៀបប្លង់ព្រះវិហារ សាលាឆាន់ និងសាលាសំណាក់រាងដូចក្បាលព្រួញ (មើលពីលើអាកាសដោយយន្តហោះត្រូន)។រាយរាប់ប្រាប់ក្រុមការងារ «Mercedes និងកំណប់អាថ៌កំបាំង» លោក ឈួន ឆីម មគ្គុទ្ទេសក៍នាំភ្ញៀវឡើងភ្នំឱរ៉ាល់ បានឲ្យដឹងថា វត្តកបិលមហាព្រហ្មនិមិត្តនេះ ត្រូវបានសាងសង់ឡើងក្នុងអំឡុងឆ្នាំ២០១៤ ដោយ​ក្រុមព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទមកពីគ្រប់ទិសទី។មគ្គុទ្ទេសក៍នាំភ្ញៀវឡើងភ្នំឱរ៉ាល់ដ៏ជំនាញរូបនេះ បានបន្តថា រៀងរាល់ខែ ក្រុមព្រះសង្ឃដែលផ្ដួចផ្ដើមកសាងវត្តនេះឡើង បាននិមន្តឡើងទៅអើតមើលវត្តនេះប្រហែល១ដង ឬ២ដងដែរ ដោយព្រះនិមន្តឡើងទៅដោយអង្គឯងតែម្ដង គ្មានអ្នកនិមន្តជូនឡើងទៅឡើយ។ ![](https://serey.io/imageupload_data/743709ab397279257ddd9957e63f19bdbefd955f) វត្តកបិលមហាព្រហ្មនិមិត្តនេះ កាលដើមឡើយមានទាំងម៉ាស៊ីនភ្លើង ខ្សែភ្លើង និងអំពូលបំភ្លឺត្រឹមត្រូវដែរ តែក្រោយមកមានក្រុមជនអគតិមិនស្គាល់មុខ បានលួចយកម៉ាស៊ីនភ្លើងនោះទៅបាត់ បន្សល់ទុកតែខ្សែភ្លើង ព្រីភ្លើង និងអំពូលភ្លើងចោលប្រើការមិនកើត។ នេះបើតាមលោក ឆីម បរិយាបន្តប្រាប់យ៉ាងដូច្នេះ។ ![](https://serey.io/imageupload_data/8258b196012ece758618bf666de16b5abc7397c9) ទេសភាពធម្មជាតិព្រៃព្រឹក្សាលើកំពូលភ្នំ ដែលរចនាលម្អសោភ័ណភាពជុំវិញអារាមដ៏ខ្ពស់មួយនេះ ពិតជាបានញ៉ាំងឲ្យក្រុមការងារ និងភ្ញៀវទេសចរមានភាពស្រស់ស្រាយ រសាត់អស់ក្ដីនឿយណាយទាំងពួង ខ្សែចក្ខុរបស់ទេសចរបានបង្វិលជុំវិញវត្ត និងជុំវិញកំពូលភ្នំឱរ៉ាល់ ពពកសក្បុះអណ្ដែតប៉ប្រះបុព្វតា ចុងព្រឹក្សាបក់រវិចៗបង្អុលវេយោកាត់បុប្ផា នាំគន្ធពិដោររសាត់ចូលឃានិន្ត្រីយ៍ ក្រអូបឈ្ងុយឈ្ងប់រកអ្វីផ្ទឹមពុំបាន បណ្ដាលអារម្មណ៍ក្រុមបេសកកម្ម «Mercedes និងកំណប់អាថ៌កំបាំង» ឈ្លក់វង្វេងរីករាយជាមួយឋានសួគ៌លោកិយនៃដែនកំពង់ស្ពឺ។ ទាំងនេះសបញ្ជាក់ឲ្យឃើញថា ខេត្តកំពង់ស្ពឺ មិនត្រឹមតែមានសំណាងគ្របដណ្ដប់លើបុព្វតាដែលខ្ពស់ផុតគេនៅកម្ពុជាប៉ុណ្ណោះទេ តែថ្មីៗនេះ ថែមទាំងមានវត្តអារាមដ៏ខ្ពស់មួយ បង្ហាញវត្តមានលើទឹកដីខេត្តនេះផងដែរ៕ ![](https://serey.io/imageupload_data/0ab5d497a827beb855d4298e2e113aafefe13c73) ដោយ : freshnewsasia

Comments