កុំទុកចោលក្តីស្រមៃកណ្តាលទី

P
pov
គោលដៅ និងក្ដីស្រមៃ របស់មនុស្សម្នាក់ គឺគ្មានទីបញ្ចប់ទេ។ បើអ្នកបញ្ចប់ក្ដីស្រម៉ៃមួយ ឬគោលដៅមួយ ដោយជោគជ័យហើយ អ្នកច្បាស់ជាត្រូវបន្តទៅគោលដៅ និងក្ដីស្រម៉ៃមួយបន្តទៀត ហើយត្រូវបន្តរហូតអស់មួយជីវិត ឬអាចបន្តទៅកូនចៅជំនាន់ក្រោយបន្ថែមទៀតផងដែរ។ ចំពោះគោលដៅ និងក្ដីស្រមៃរបស់មនុស្ស គឺសំខាន់ខ្លាំងណាស់ ហើយបើមនុស្សគ្មានគោលដៅ និងក្ដីស្រមៃទេ គឺការរស់នៅក្នុងជីវិតនេះ ប្រាកដជាមិនបានស្គាល់នូវពន្លឺសុភមង្គល និងសេចក្ដីសុខពិតនោះទេ។ បើលោកអ្នក ពិតជាមានក្ដីស្រមៃរបស់ខ្លួនហើយ ចូរខំសង្វាត ធ្វើវាឲ្យក្លាយជាការពិត។ មានតែការតាំងចិត្ត និងការប្ដេជ្ញាចិត្តរបស់លោកអ្នកទេ ទើបអាចសម្រេចក្ដីប្រាថ្នាខ្លួនបាន។ គ្មានបុគ្គលណាម្នាក់ ទទួលបានជោគជ័យក្នុងជីវិត ដោយសារតែអ្នកដទៃទាំងស្រុងនោះទេ ហើយបើទទួលបានជោគជ័យមែន វាក៏មិនស្ថិតស្ថេរយូរអង្វែងដែរ។ ចូររក្សាក្ដីស្រមៃនិងគោលដៅអ្នកឲ្យបានល្អ បើអ្នកមិនទាន់មានឱកាសធ្វើវា។ រកគ្រប់វិធានដើម្បីកសាងគោលដៅ និងក្ដីស្រម៉ៃ ដោយផ្លូវសុចរិត កុំធ្វើអ្វីដែលមនុស្សក្នុងលោកមិនចង់ឃើញ និងមិនអបអរសាទរ។ ក្ដីស្រមៃ និងគោលដៅ ផ្សាភ្ជាប់នឹងជីវិតរបស់យើង បើយើងបាត់បង់វា គឺស្មើយើងបាត់បង់វិញ្ញាណ ២ភាគបី នៃវិញ្ញាណទាំងមូលមិនខាន។ ការពារ ប្រសើរជាងព្យាបាល។ ធ្វើវាម្ដងបន្តិច ប្រសើរជាងមិនបានធ្វើសោះ។ លោកអ្នកត្រូវតែខំបន្តធ្វើដំណើរទៅមុខតាមលទ្ធភាពដែលមាន - ការព្យាយាមគង់បានសម្រេច។ ជោគជ័យ ឬបរាជ័យ ស្ថិតលើការសម្រេចចិត្ត និងការតាំងចិត្ត តស៊ូ ព្យាយាម អត់ធ្មត់របស់អ្នក។ ពេលអ្នកបោះបង់វាចោលពេលណា ការបរាជ័យមកដល់ពេលនោះ។ មនុស្សផ្សេងគ្នា ការគិតផ្សេងគ្នា មានគោលដៅ និងក្ដីស្រមៃក៏មិនដូចគ្នាទាំងស្រុងដែរ។ យើងត្រូវការជោគជ័យ ហើយគេក៏ត្រូវការជោគជ័យដូចយើងដែរ។ គេអាចធ្វើបាន យើងក៏អាចធ្វើបានដែរ។ អ្នកដែលចាំមើលយើង គឺគេមិនស្គាល់ពីតម្លៃនៃការខិតខំប្រឹងប្រែងរបស់យើងទេ ដូច្នេះទុកឲ្យគេស្រមៃឃើញការបរាជ័យរបស់យើងចុះ។ យើងដើរឆ្ពោះទៅខាងមុខ យើងច្បាស់ជាជួបបញ្ហាច្រើនទៀត ដូច្នេះត្រូវត្រៀមខ្លួនដោះស្រាយ ប្រសើរជាងរត់គេចពីបញ្ហា។ ចង់ជោគជ័យ ចង់សម្រេចក្ដីស្រមៃ និងគោលដៅក្នុងជីវិត គឺត្រូវបន្តធ្វើវាដូចភ្លៀងរលឹម គឺបន្តរហូតដល់ដំណាក់កាលចុងក្រោយ កុំបោះបង់ចោលកណ្ដាលទីឲ្យសោះ៚ ![Screenshot_2018-12-18-13-53-12.png](https://serey.io/imageupload_data/bcc0d9979e1152b149cebc46e2e15b8df6babd7b) #សេក សុជាតិ

Comments

wondercury
លោកពូ ស្រម៉ៃ រឺ ស្រមៃ បើតាមសម្តេចជួនណាត គឺស្រមៃ