ឧកញ៉ា គួច ម៉េងលី៖ លើលោកនេះ អ្នកណាខ្លះដែលអះអាងថា ខ្លួនមិនធ្លាប់បរាជ័យ?
នៅលើលោកយើងនេះ មិនថាការងារ ឬពិសោធន៍អ្វីទេតែងតែជួបឧបសគ្គ ការលំបាក និងបរាជ័យជៀសមិនផុតឡើយ។ ប៉ុន្តែដើម្បីជោគជ័យនៅថ្ងៃក្រោយ យើងមិនត្រូវបាក់ស្បាត ឬបាក់ទឹកចិត្តដោយសារតែការបរាជ័យម្តងជាពីរដងនោះទេ។ ព្រោះការបរាជ័យនេះហើយជាគ្រឿងផ្សំ និងជាចក្ខុវិស័យដែលចង្អុលទិញដៅឱ្យយើងឃើញកាន់តែច្បាស់ថា តើត្រូវធ្វើដូចម្តេចដើម្បីជោគជ័យ នាពេលខាងមុខ។
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានសរសេរពាក្យមួយឃ្លានៅក្នុងសៀវភៅ “១០៨ ចក្ខុវិស័យ គួច ម៉េងលី” ថា “លើលោកនេះ អ្នកណាខ្លះដែលអះអាងថា ខ្លួនមិនធ្លាប់បរាជ័យ?” ។ ពាក្យមួយឃ្លានេះ គឺជាពាក្យលើកទឹកចិត្តដល់សហគ្រិន សិស្ស និស្សិត និងមនុស្សទូទៅដែលជួបការបរាជ័យ ឱ្យតាំងជំហរឹងពឹងឡើងវិញ ពោលគឺមិនត្រូវទោទន់តាមការបរាជ័យនោះទេ ប្រសិនបើចង់ឱ្យជីវិតមានភាពជោគជ័យនាថ្ងៃអនាគត។
លោកឧកញ៉ា វេជ្ជបណ្ឌិត បានសង្កត់ធ្ងន់ផងដែរថា មនុស្សលើភពផែនដីយើងនេះ គ្មាននរណាម្នាក់អាចគេចផុតពីបរាជ័យបានឡើយ ហើយសូម្បីនៅពីក្រោយខ្នងបុគ្គលជោគជ័យ គឺមានរឿងបរាជ័យជាច្រើនដែលយើងមិនបានដឹង និងមិនបានចាប់អារម្មណ៍។ មួយវិញទៀត សូម្បីមេទ័ពដ៏ខ្លាំងពូកែ ធ្លាប់យកជ័យជម្នះក្នុងសមរភូមិរាប់សិនដង ក៏នៅតែមិនអាចគេចផុតពីបរាជ័យក្នុងសមរភូមិបានដែរ។
ជាងនេះទៅទៀត នៅមានបុគ្គលខ្លាំងជាច្រើននាក់ទៀត ដែលគេមិនបានដឹង ឬមិនសូវចាប់អាម្មរណ៍ពីរឿងបរាជ័យជាច្រើននៅពីក្រោយខ្នង ប៉ុន្តែបុគ្គលទាំងនោះនៅតែជាបុគ្គលជោគជ័យដដែល។ ហេតុអ្វី? ព្រោះពួកគេតែងតែគិតថា បរាជ័យមិនមែនជារឿងគួរឱ្យអាម៉ាស់នោះទេ ហើយក៏មិនមែនជាទីបញ្ចប់នៃជីវិតដែរ តែអ្វីដែលគួរឱ្យអាម៉ាស់នោះ គឺការបាក់ទឹកចិត្ត និងការមិនព្រមតស៊ូជម្នះភាពបរាជ័យទាំងដែលខ្លួននៅមានឱកាសអាចយកឈ្នះទៅវិញទេ៕
អត្ថបទដោយ៖ ម៉េង សុងលី

