ក្នុងកាលកន្លងទៅហើយមានបុរសម្នាក់ជាអ្នករកស៊ីលក់ដូរ មានធនធានគ្រាន់បើ។ គាត់មានកូនប្រុស៤នាក់ មានអាយុគ្រប់ការទាំងអស់។ ក្រោយពីពេលដែលប្រពន្ធអនិច្ចកម្មទៅ គាត់ទ្រាំនៅជាពោះម៉ាយពុំយកប្រពន្ធទៀតទេ។ នៅជាមួយនិងកូន ប្រុសៗអស់១ឆ្នាំ មានការលំបាកដោយខ្វះស្រីមេផ្ទះជាអ្នកចម្អិនអាហារ និងជួយមើលថែទាំរបស់ទ្រព្យ កំប៉ិកកំប៉ុកក្នុងផ្ទះ គាត់ក៏រៀបការប្រពន្ធឲ្យកូនច្បង ហើយយកកូនប្រសាស្រីមកនៅជាមួយចែកទ្រព្យអស់មួយចំណែក ឲ្យដាច់ស្រឡះទៅកូនច្បងរួចទៅ។

