ក្នុងរាជព្រះបាទជ័យវរ្ម័នទី២
រកឃើញភស្តុតាងថ្មី ប្រហែលជាអតីតរាជវាំងបុរាណ ក្នុងរាជព្រះបាទជ័យវរ្ម័នទី២ ក្នុងសតវត្សទី៩ នៅខ្នងភ្នំគូលែន
http://i65.tinypic.com/2en5mrs.jpg
(សៀមរាប)៖ ក្រសួងបរិស្ថាន បានសហការជាមួយអង្គការ ADF អាជ្ញាធរជាតិអប្សរា អាជ្ញាធរដែនដី និងប្រជាពលរដ្ឋដែលរស់នៅលើខ្នងភ្នំគូលែន បានធ្វើកំណាយស្រាវជ្រាវលើទីតាំងឈ្មោះ បន្ទាយ បច្ចុប្បន្នហៅថា ផ្ទះគូចារ្យ នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែន ស្ថិតក្នុងសហគមន៍តំបន់ការពារធម្មជាតិ ព្រៃធំអន្លង់ធំ ភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។
បេសកកម្មនៃការធ្វើកំណាយនេះ បានចាប់ផ្តើមពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨។
http://i64.tinypic.com/10xg3fq.jpg
បើយោងតាមសៀវភៅបោះពុម្ភលើកទី២ របស់លោក E Aymonier បាននិយាយរៀបរាប់ពីជួរភ្នំគូលែន ដោយមានការបញ្ជាក់ពីទីតាំងភូមិសាស្ត្រ ភូគព្ភសាស្ត្រ នរវិទ្យា និងធារាសាស្ត្រ ដោយបានហៅទីតាំងនេះថា មហេន្ទ្របព៌តមានន័យថា ជាភ្នំនៃព្រះឥន្ទ្រ។
យោងតាមសៀវភៅ Le Cambodge ភាគទី៣ សរសេរដោយ លោក E Aymonier បានបង្ហាញតិចតួចពីអត្តសញ្ញាណថា មហេន្ទ្របព៌ត គឺជាភ្នំគូលែន។ បើយោងតាមសិលាចារឹកស្តុកកក់ធំ (K.235) ដែលចារឡើងប្រមាណជាជាង២០០ឆ្នាំ បន្ទាប់ពីការចូលទីវង្គត់របស់ព្រះបាទជ័យវរ្ម័នទី២ រៀបរាប់យ៉ាងក្បោះក្បាយផងដែរ ពីការផ្លាស់ប្តូររាជធានីរបស់ព្រះអង្គពីតំបន់មួយទៅតំបន់មួយ ប៉ុន្តែមានការសន្និដ្ឋានច្រើនដូចគ្នាថា មហេន្ទ្របព៌ត គឺជាភ្នំគូលែនបច្ចុប្បន្ន ដោយសភ្តុតាង ជាច្រើនដូចជាប្រាសាទដែលព្រះអង្គប្រកាសរាជ បន្ទាប់ពីព្រះអង្គបានធ្វើការបង្រួបបង្រួមជាតិរួច សំណង់សាធារណៈ ទំបន់ទឹក ប្រាសាទសម្រាប់សាសនា និងរាជវាំងក៏បានរកឃើញជាបន្តបន្ទាប់។
ទីតាំងរាជវាំងនេះ បានរកឃើញដោយបានគត់តា្រពីអ្នកស្រាវជ្រាវបារាំង ប៉ុន្តែមិនដែលបានធ្វើការកំណាយនៅឡើយទេ ទើបអង្គការមូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍ កម្មវិធីភ្នំគូលែន ក្នុងឆ្នាំ២០០៩ បានសហការជាមួយបុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា និងក្រសួងបរិស្ថាន ធ្វើកំណាយស្រាវជ្រាវជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ននេះ។
ក្រៅពីការស្រាវជ្រាវ ក៏មានកម្មវិធីបណ្តុះបណ្តាលបុរាណវិទូខ្មែរ ឲ្យកាន់តែស្ទាត់ជំនាញ ដែលជាធនធានមនុស្ស ក្នុងវិស័យបុរាណវិទ្យា សម្រាប់សង្គមយើងនាពេលអនាគតផងដែរ។ គោលបំណងនៃការស្រាវជ្រាវនេះ គឺផ្តោតសំខាន់ទៅលើសិក្សារចនាសម្ព័ន្ធ សំណង់រាជវាំងបុរាណមួយនេះ ឲ្យកាន់តែស៊ីជម្រៅ ថាតើសំណង់នេះសង់ពីអ្វី? រចនាបថអី្វ? មានប៉ុន្មានដំណាក់កាល? តួនាទីអ្វីខ្លះ? សង់ក្នុងឆ្នាំណាខ្លះ?

