ប្រធានបទថ្មី ស្វែងយល់អំពី បឹងទន្លេសាបSsetbunthengFollow4yr agoបឹងទន្លេសាបមានទិដ្ឋភាពជាសមុទ្រមួយយ៉ាងជ្រៅ និងអាចធ្វើនាវាចរបាននៅរដូវវស្សា ឬផ្ទុយទៅវិញនៅរដូវប្រាំងបឹងនេះមានទិដ្ឋភាពមិនខុសអំពីស្រះធំមួយប្រកបដោយភក់ ហើយរាក់ថែមទៀតផង។ រដូវទឹកសំរកចាប់ផ្តើមនៅខែធ្នូ ហើយចប់នៅខែឧសភា។ ពេលនោះកម្ពស់ទឹកបឹងទន្លេសាបមានជាអប្បបរមាពី០.៨០ម៉ែត្រ ដល់ ២ម៉ែត្រជាមធ្យម។ ចាប់ពីខេត្តកំពង់ឆ្នាំងជាពិសេសនៅវាលភក់ជំរៅទឹកចុះជាលំដាប់រហូតដល់នាវាចរត្រូវបានហាមឃាត់ លើកលែងតែទូកតូចៗ។ នៅរដូវវស្សា ទិដ្ឋភាពទូទៅនៃបឹងទន្លេសាបផ្លាស់ប្តូរជាច្រើនផ្តៃទឹក ព្រមទាំងជំរៅទឹកក៏កើនឡើងជាលំដាប់រហូតដល់ជួនកាលទឹកជំនន់ចូលពេញទំនាប ដែលព័ន្ធជុំវិញបឹងទន្លេសាបនោះ។ កម្ពស់ទឹកអាចកើនឡើងដល់១៤ម៉ែត្រ គឺខុសគ្នា ១០ម៉ែត្រយ៉ាងតិចពីកម្ពស់ទឹកនៅរដូវប្រាំង គឺពេលនោះហើយ ដែលនាវាដែលមានចំនុះច្រើនអាចបើកបរចូលទៅដល់បឹងទន្លេសាបបាន។បឹងទន្លេសាបជាបឹងទឹកសាបធំជាងគេនៅអាស៊ីអាគ្នេយ៍។ ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាបដោយសារវិសាលភាពដ៏ធំរបស់បឹងនេះ។ បឹងទន្លេសាប ជាអាងស្តុកទឹកធម្មជាតិ និងជាជំរកមច្ឆាជាតិ ដ៏សំខាន់សំរាប់ប្រជាជនកម្ពុជា។ បឹងទន្លេសាបមានទំហំផ្ទៃទាំងអស់ចំនួន ៣០០០គីឡូម៉ែត្រការ៉េ នៅរដូវប្រាំង និងមានទំហំចំនួន ១០០០០គីឡូម៉ែត្រការ៉ែនៅរដូវវស្សា។ នៅរដូវប្រាំងបឹងទន្លេសាបមានបណ្តាយប្រហែល ១៥០គីឡូម៉ែត្រ និងទទឹងអតិបរមាមានប្រហែល ៣២គីឡូម៉ែត្រ និងផ្ទៃទំហំ ៣០០០គីឡូម៉ែត្រការ៉េ។ បឹងទន្លេសាបចែកចេញជាបីផ្នែក បឹងធំ បឹងតូច និងវាលភក់។ បឹងធំមានបណ្តោយ ៧៥គីឡូម៉ែត្រ និងទទឹង ៣៥គីឡូម៉ែត្រ។ បឹងតូចមានបណ្តោយ ៣៥គីឡូម៉ែត្រ និងទទឹង ២៨គីឡូម៉ែត្រ។ វាលភក់ជាវាលមួយថំធេងប្រកបដោយកូនកោះទាបៗ សម្បូរខ្សាច់ និងរុក្ខជាតិក្រិនៗ.ស្វែងរកអត្ថបទ សិត ប៊ុនថេង។