តំលៃពិតរបស់មនុស្ស
មនុស្សអាចខ្ពង់ខ្ពស់បានដោយសារតែស្គាល់ពីតំលៃរបស់ខ្លួននិងតំលៃរបស់មនុស្សនៅជុំវិញខ្លួន។ តំលៃនោះវាឋិតនៅក្នុងជម្រៅចិត្តនៃគំនិតរបស់មនុស្សម្នាក់ៗ។ អ្វីដែលជាតម្លៃធំបំផុតរបស់មនុស្ស គឺ **«ជីវិតរស់នៅ»** ប៉ុន្ដែគប្បី រស់នៅប្រកបដោយភាពថ្លៃថ្នូរ កិត្តិយស និងភាពសុខដុមរមនា ក្នុងឧត្តមភាពនៃមនុស្ស។ តើអ្វីជាតម្លៃពិតប្រាកដនៅក្នុងខ្លួនរបស់ទស្សនវិទូល្បីៗនៅលើពិភពលោក?

តាមមាគា៌ធម៌របស់ព្រះពុទ្ធទ្រង់សម្ដែងថា**«កម្មំ វិជ្ជា ច ធម្មោ ច សីលំ ជីវិតមុត្តមំ ឯតេន មច្ចា សិជ្ឈន្តិ ន គោតេន ធនេន វា»** មានន័យសេចក្តីថាមនុស្សទាំងឡាយមានបរិសុទ្ធបានដោយការងារដែលខ្លួនបានធ្វើត្រូវ ដោយវិជ្ជាដែលខ្លួនចេះដឹងពិតប្រាកដ ដោយគុណធម៌ដែលខ្លួនបានប្រតិបត្តិល្អ ដោយសីលធម៌ដែលខ្លួនបានអប់រំប្រពៃ ជីវិតខ្ពង់ខ្ពស់ និងមិនមែនដោយទ្រព្យសម្បត្តិនោះទេ។

រីឯលោក ខុងជឺ ដែលជាទស្សនវិទូមួយរូបរបស់ប្រទេសចិន ដែលគេចាត់ទុកលោកថាសម្បូរទៅដោយគុណធម៌ក្នុងខ្លួន បានអប់រំមនុស្សអោយប្រកាន់ភ្ពាប់នូវសីលធម៌ និងគុណធម៌ អោយខ្ពស់ជាងអាយុជីវិតទៅទៀត។ លោកថា៖
> យើងអាចនិយាយថា អាយុជីវិត ទ្រព្យសម្បត្តិ និងឋានៈ បុណ្យសក្តិក្តី វាមិនមែនបង្ហាញពីតំលៃពិតរបស់មនុស្សទេ។

រីឯ សូក្រាត ដែលជាទស្សនវិទូជនជាតិក្រិក និយាយថា៖
សូក្រាត ជាទស្សនវិទូជនជាតិក្រិក និយាយថា៖
> ត្រូវស្គាល់ខ្លួនឯងអោយច្បាស់ព្រោះការស្គាល់ខ្លួនឯងគឺធ្វើឲ្យមនុស្សចេះទទួលខុសត្រូវ និងចេះអៀនខ្មាសចំពោះអំពើអាក្រក់ ដែលធ្វើអោយមនុស្សនឹងមានភាពស្មោះត្រង់ចំពោះខ្លួនឯង។តួយ៉ាងបញ្ញាវិញ គឺជាមូលដ្ឋាននៃគុណធម៌របស់មនុស្ស។ មនុស្សបែបនេះទើបជាមនុស្សដែលមានតំលៃ។

លោក Albert Einstein ជាទស្សនវិទូផ្នែកទ្រឹស្តីវិទ្យាសាស្ត្រជាតិអាល្លឺម៉ង់បានពោលថា ៖
> **«វត្ថុដែលមានតម្លៃខ្ពស់បំផុតក្នុងជីវិត គឺបញ្ញាញាណ**»។ តំលៃដ៏ពិតប្រាកដរបស់មនុស្សគឺ ការឈានទៅដល់ភាវៈដែលចាកផុតពីអត្តា និងកិលេសនាៗ ដូចជាទ្រព្យសម្បត្តិ បុណ្យសក្តិ អំណាច ដែលមិនមែនជាគោលការណ៍ចម្បងនៃការរស់នៅរបស់មនុស្សឡើយ។

ចំណែក មហាត្មៈគន្ធី ដែលជាមហាវីវបុរសឆ្នើមរបស់ប្រជាជនឥណ្ឌាបាននិយាយឡើងថា៖
> តម្លៃពិតប្រាកដរបស់មនុស្សជាតិ គឺត្រូវប្រកាន់អោយខ្ជាប់ខ្ជួននូវព្រហ្មវិហារធម៌ អហិង្សាធម៌ សច្ចធម៌ ការអធ្យាស្រ័យ និងការសន្តោសប្រោសប្រណី សុច្ចរិតធម៌ និងសាមគ្គីធម៌ថែមទៀត។
សរុបសេចក្តីមកយោងតាមគំនិតទស្សនៈរបស់ទស្សនៈវិទូខាងលើ មនុស្សម្នាក់ៗគឺមានតម្លៃដោយសារពឹងផ្អែកទៅ
លើសមត្ថភាពនៃគំនិតបញ្ញា សីលធម៌ គុណធម៌ សុច្ចរិតធម៌ យុត្តិធម៌ និងការរៀបចំជីវិតក្នុងផ្លូវត្រឹមត្រូវ មិនមែនផ្ដើមពីការមានបាននូវវផ្នែកសម្ភារៈ ទ្រព្យសម្បត្តិ បុណ្យស័ក្កិឡើយ៕

