ជីវិតខ្លីណាស់

រស់នៅរាល់ថ្ងៃ យើងគ្រប់គ្នាសុទ្ធតែដឹងហើយថា**ជីវិតសែនខ្លីណាស់**ហើយក៏គ្មានអ្នកណាម្នាក់អាចដឹងមុនពីពេលវេលាក្នុងការចាកចេញរបស់ខ្លួនឡើយ។ដូច្នេះយើងត្រូវប្រើជីវិតឲ្យមានតម្លៃចំពោះខ្លួនយើងនិងអ្នកដទៃ។
#### ចំពោះខ្លួនយើង ####
រាល់ថ្ងៃនេះសង្គមយើងពិតជារីកចំរើន រហូតអាចពង្វក់ក្មេងៗជាច្រើនអោយលង់នឹងភាពទាន់សម័យ សំភារៈទំនើប ដើម្បីបង្អួតគ្នា។ទាំងអស់នេះហើយជាកត្តាអោយក្មេងខ្លះធ្លាក់ខ្លួនកាន់តែជ្រៅចូលទៅក្នុងភាពមិនគប្បី ដែលសង្គមស្អប់ខ្ពើមព្រោះតែត្រូវការភាពហឺុហាដូចគេដូចឯង។ឧទាហរណ៍ការពិតមួយខ្ញុំបានស្គាល់ក្មេងស្រីម្នាក់ គេជាក្មេងដែលកើតនៅក្នុងគ្រួសារមធ្យមមួយ គេរស់នៅដោយមានការឧបត្ថមពីម្តាយមីងរបស់គេច្រើនជាងឪពុកម្តាយគេ ព្រោះឱពុកម្តាយគេមិនមានលទ្ធភាពគ្រប់គ្រាន់ចិញ្ចឹមគេទេ។ម្តាយមីងគេគឺជាគ្រូបង្រៀនម្នាក់ គាត់នៅលីវ ដូច្នេះហើយគាត់ចេះតែប្រឹងសន្សំប្រាក់កាក់តិចតួចដែលគាត់ខំធ្វើការហើយមិនហ៊ានចំណាយ សូម្បីតែអាហារក៏មិនហ៊ានហូបឆ្ងាញ់ដែរ ព្រោះតែគាត់ចង់អោយក្មួយគាត់បានធំពេញបរិបូណ៍ទៅដោយចំនេះដឹងក្នុងខ្លួន។ គាត់បានទំនុកបំរុងសព្វបែបយ៉ាង សូម្បីតែម៉ូតូ ការស្លៀកពាក់ ចំណីអាហារ បង់ថ្លៃសាលា។ប៉ុន្តែរហូតដល់រាល់ថ្ងៃនេះគាត់មិនបានដឹងឡើយ ថាក្មួយម្នាក់នោះមិនដែលចូលសាលា គិតតែដើរលេងហឺុហា ជាមួយមិត្តភក្តិជាកូនអ្នកមាន សូម្បីតែរសជាតិassignmentក៏គេមិនបានស្គាល់ឡើយក្នុងរយៈពេលរៀន 4ឆ្នាំនៅមហាវិទ្យាល័យនេះ។តើជឿទេថាគេជានិស្សិតរៀនចប់ម្នាក់ប៉ុន្តែមិនចេះប្រើកុុំព្យូទ័រ?ហើយរាល់ថ្ងៃនេះគេធ្វើរឿងមិនសមរម្យយ៉ាងច្រើន មិនសមនឹងភ្នែកញាតិ ព្រោះតែចង់មានឡានទំនើប ផ្ទះវីឡាធំៗ របស់ប្រើប្រាស់ប្រេនៗ។ ប៉ុន្តែគេធ្វើមិនបានដូចចិត្តគេចង់បានឡើយ គេមានតែបំផ្លាញខ្លួនឯងវិញតែប៉ុណ្ណោះ ព្រោះការដាក់ទុនជាសម្រស់វាមិនឋិតឋេរហើយសមប្រាថ្នាគ្រប់ពេលឡើយគឺវាពឹងលើសំណាង វាមិនដូចការយកចំនេះដឹងជាទុននោះទេ ទោះបានផលតិចរឺច្រើនក៏ពឹងលើសមត្ថភាពដែលខ្លួនមានដែរ ។
#### ចំពោះអ្នកដ៏ទៃជុំវិញខ្លួន ####
ដោយសារតែយកពេលដើម្បីស្វែងរកភាពសប្បាយផ្ទាល់ខ្លួនជាមួយមិត្តភក្តិបានធ្វើអោយក្មេងម្នាក់នេះភ្លេចគិតពីអ្នកជុំវិញខ្លួន។ រាល់ថ្ងៃនេះថ្វីត្បិតជីវភាពគេរស់នៅក្នុងកំរិតមធ្យម ប៉ុន្តែគេមិនចេះជួយធ្វើកិច្ចការផ្ទះអ្វីទាំងអស់ សូម្បីតែបោសផ្ទះក៏គេមិនដែលធ្វើ គេដឹងតែរកឱកាសដើម្បីចេញក្រៅផ្ទហដើរលេង ញាំរបស់ឆ្ងាញ់ជាមួយមិត្តភក្តិរបស់គេ។គេមិនដែលខ្វល់ឡើយថាអ្នកផ្ទះគេមានអីញាំ តើអ្នកផ្ទះគេគួរញាំឆ្ងាញ់ដូចគេទេ?មិនតែប៉ុណ្ណោះ គេចាំបាច់ត្រូវតែចេញក្រៅផ្ទះ សប្បាយជាមួយមិត្តភក្តិគេ ទោះបីម្តាយរបស់គេនៅផ្ទះតែឯងធ្វើទឹកសណ្តែកលក់តែឯងក៏ដោយ ក៏គេមិនខ្វល់ឡើយ។ តើនេះជាកូនកត្តញ្ញូទេ?ទាំងដឹងថាម្តាយខ្លួនរស់មិនខុសពីស្តី្រម៉េម៉ាយខំរកសីុចិញ្ចឹមជីវិតខ្លួនឯង។តើមិនគិតពីអារម្មណ៍ម្តាយខ្លះទេរឺ?តើគាត់អាចរស់នៅជាមួយគេបានយូរប៉ុណ្ណាទៅ?ហេតុអីមិនយកចិត្តទុកដាក់លើមនុស្សមានគុណរបស់ខ្លួនហើយជាមនុស្សដែលស្រលាញ់ខ្លួនជាងអ្នកណាទាំងអស់?
សូមគ្រប់គ្នារៀនអោយតំលៃ និងស្រលាញ់មនុស្សជុំវិញខ្លួនដែលល្អនឹងអ្នកដែលស្រលាញ់អ្នក ដើម្បីកុំអោយមានវិប្បដិសារីនៅថ្ងៃដែលពួកគាត់ចាកចេញហើយមិនត្រលប់។
បញ្ជាក់ៈ ខ្ញុំលើកតែចំនុចមួយចំនួនមកនិយាយតែប៉ុណ្ណោះ។

