ហេតុផលបណ្តាលអោយអាត្មានិយម

S
skymoon
បើយើងក្រលេកទៅមើលសង្គមសព្វថ្ងៃ មនុស្ស​កំពុងតែអោយតម្លៃ​លើ​សម្ភារ​និយម មាសប្រាក់ពេជ្រ បុណ្យ​សក្តិ តួនាទី តំណែង និង​អំណាច ជាជាងការអោយ​តម្លៃ​មនុស្ស​។ នេះជាហេតុដែលជំរុញ​អោយកើត​មាន​សកម្មភាព​អមនុស្សធម៌ និង​ព្រៃផ្សៃ​ជាច្រើន​ដូចជា លួច ឆក់​ប្លន់ កេងប្រវ័ញ្ច ជួញដូរ​គ្រឿងញៀន ចាប់រំលោភ ជួញដូរ​មនុស្ស ។ល​។ តើ​ធម្មជាតិរបស់​មនុស្ស​ពិតជា​អាក្រក់​មែនឬ​? ​ដើម្បី​អោយកាន់តែ​ច្បាស់​ពី​ធម្មជាតិរបស់​មនុស្សទស្សនវិទូអង់គ្លេសThomas Hobbes បាន​អះអាងថា៖ ![Thomas_Hobbes_(portrait).jpg](https://serey.io/imageupload_data/52642ae9a6fb9f086e474d9450754564eb15593e) > ធម្មជាតិ​មនុស្ស​បាន​បណ្តោយ​ខ្លួន​តាម សភាវគតិ អត្តទត្ថបុគ្គល និង​ចំណង់​។ នេះជាហេតុបណ្តាលអោយ​​មនុស្ស​ក្លាយជា​សត្រូវ​នឹង​គ្នា​។មនុស្ស​ប្រព្រឹត្តខ្លួនជា​ឆ្កែចចក​សម្រាប់​មនុស្ស​គ្នាឯង ដែល​ខាំ​គ្នាឯង​ដូច​ឆ្កែចចក​។ សភាព​ធម្មជាតិ​របស់​មនុស្ស​គឺជា​សភាព​គ្មាន​សន្តិសុខ ដោយសារ​មនុស្ស ត្រូវ​ស្ថិតក្រោម​អំណាច​នៃ​អ្នក​ដែល​ខ្លាំង​ជាង​ខ្លួន​ឬ​អ្នក​ដែល​ពូកែ​បោកប្រាស់​ជាង​ខ្លួន​។ ដូច្នេះ សារជាតិពិត របស់​មនុស្ស គឺមាន​ធម្មជាតិ​អាក្រក់ក្នុងខ្លួនព្រោះ​មនុស្ស​តែង​ប្រព្រឹត្ត​អំពើ​កេងប្រវ័ញ្ច ពុករលួយ គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន និង​គ្មាន​គុណធម៌​​។ នៅក្នុង​សង្គម​ជាក់ស្តែង​មនុស្ស មនុស្ស​ឈ្លោះ​គ្នា ដណ្តើម​អំណាច ដណ្តើមទ្រព្យ តំណែង​បុណ្យ​សក្តិ និង​ផលប្រយោជន៍ផ្សេង​។ ​ចំនែកទស្សនវិទូជនជាតិបារាំង Jean Jacques Rousseau បានអះអាងថា៖ ![images.jpg](https://serey.io/imageupload_data/5d283421a359c30ea91d2af49b31e49b84e075c7) > ធម្មជាតិរបស់​មនុស្ស គឺ​ល្អស្រស់ថ្លា​បរិសុទ្ធ​តាំងពី​ចាប់កំណើត​មកម្ល៉េះ​។ ទារកកើតមក​មិនចេះ​លួច ប្លន់ មិនចេះ​ពុករលួយ និយាយរួម​ពួកគេ​ប្រៀបដូចជា​ក្រដាស​សមួយសន្លឹក ដែល​គ្មានស្នាមប្រឡាក់​​ជាមួយ​នឹងទង្វើ​អាក្រក់​នោះទេ​។ ​កាលពីមុនមនុស្សចិញ្ចឹមជីវិតតាម​បែបធម្មជាតិ​ដែល​ជាសង្គមមួយមិនទាន់​មាន​រចនាសម្ព័ន្ធ​ដឹកនាំ​ច្បាស់លាស់ និង​គ្មានច្បាប់ត្រឹមត្រូវ គឺមនុស្ស​រស់នៅ​ដោយ​ពឹង​លើ​ការ​បេះ​ផ្លែឈើយកមក​ញាំុដើម្បី​បំពេញក្រពះ វាបញ្ជាក់អោយឃើញថាមនុស្ស​មិនចេះ​លោភលន់ ព្រោះ​មនុស្ស​ដើរ​បេះ​ផ្លែឈើ​ញាំុំ​រៀងៗ​ខ្លួនហើយក៏មិនចេះ​លាក់​ផ្លែឈើ​ដើម្បីញាុំនៅ​ថ្ងៃក្រោយ​នោះទេ​។ ​បើយោងតាមទ្រឹស្តីព្រះពុទ្ធ ព្រះពុទ្ធទ្រង់ថា «​បុគ្គល​ប្រព្រឹត្ត​អំពើ​ណា បុគ្គល​នោះ​នឹង​ទទួលបាន​ផល​នោះ​» ក្នុងន័យនេះ ព្រះពុទ្ធ​បាន​ផ្តោត​សំខាន់​លើ​ទង្វើ​របស់​មនុស្ស​គឺជា​ក​ត្តា​កំណត់​។ មនុស្ស​ល្អ រឺអាក្រក់ មិនមែន​មកពី​សារជាតិ​មនុស្សនោះទេ គឺ​មកពី​ការប្រព្រឹត្ត​របស់​បុគ្គល​ទៅវិញ​ទេ​។​ ![photo.jpg](https://serey.io/imageupload_data/7bf4c334019853591ad6a40d1d356af0232b65ce) ​ដូច្នេះការពិតត្រូវបានឆ្លុះបញ្ចាំងថាធម្មជាតិរបស់​មនុស្សមិន​សុទ្ធតែ​អាក្រក់ទាំងអស់​នោះទេ តែមនុស្សទៅ​វិញទេដែលចូលចិត្តធ្វើ​ទង្វើ​អាក្រក់គឺ​មកពី​ភាពអាត្មានិយម លោភលន់ចង់មានចង់បាន​មិនចេះចប់​មិនចេះហើយ​។ ការរស់នៅ​របស់​មនុស្ស គឺ​ប្រែ​ប្រូ​ល​ទៅតាម​បរិយាកាសសង្គម ជាពិសេសនៅសម័យដែលកំពុងរីកចម្រើន​ផ្នែកបច្ចេកវិទ្យា​បែបនេះ មនុស្ស​ចាប់ផ្តើម​ចូលចិត្តការ​រស់នៅ​បែបស៊ី​វិ​ល័យ ត្រូវការទ្រព្យ​សម្បត្តិ​ភាពស្តុកស្តម្ភ មានកេរ្តិ៍ឈ្មោះ ឋានៈ​បុណ្យ​សក្តិខ្ពង់ខ្ពស់ និង​អំណាច ។នេះជាមូលហេតុធំបំផុតដែលធ្វើ​ឲ្យ​មនុស្សបាត់បង់នូវសីលធម៌ គុណធម៌ ភាពថ្លៃថ្នូរ និង​តម្លៃ​ជាមនុស្ស​។ មនុស្ស​ហ៊ាន​ធ្វើ​អ្វីៗ​គ្រប់យ៉ាង ដើម្បី​តែទទួលបាន​​ផលប្រយោជន៍ផ្ទាល់ខ្លួនទោះបីជា​ត្រូវ​សម្លាប់​មនុស្ស​ដូចគ្នា​ក៏ដោយ។

Comments

leak
សង្គមរាល់ងៃចឹងមែន