ចាញ់ព្រោះចិត្តខ្លួនឯងនៅទន់ខ្សោយ

[ចាញ់ព្រោះចិត្តខ្លួនឯងនៅទន់ខ្សោយ]

    នៅពេលដែលយើងសោកសៅ យើងក៏គ្មានអារម្មណ៍នឹង ចាប់ផ្តើមធ្វើអ្វីទាំងអស់ នៅពេលដែលយើងប្រឹងព្យាយាមធ្វើទាំងចិត្តនៅឈឺចាប់ យើងក៏ធ្វើកិច្ចការនោះមិនបានល្អ ហើយលទ្ធផលដែលទទួលបានក៏ធ្លាក់ទៅតាមសមត្ថភាពដែលយើងធ្វើនោះដែរ ។

    គ្មានពាក្យថា “ចាញ់” បើចិត្តយើងរឹងមាំ មានសេរីភាពក្នុងគំនិត មានឆន្ទៈ ដើម្បីជម្នះចិត្តសោកសៅ ព្រោះគ្មានអ្វីសំខាន់ជាងផ្លូវចិត្តយើងខ្លួនឯងទេ ។ ប៉ុន្តែ បើយើងបណ្តោយឲ្យផ្លូវចិត្តយើងធ្លាក់ចុះហើយ កុំថាឡើយ ងើបទៅធ្វើការងារដែលយើងធ្លាប់ធ្វើកន្លងមក សូម្បីងើបទៅញុំាបាយ ក៏យើងគ្មានកម្លាំង គ្មានអារម្មណ៍ឃ្លានអ្វីទាំងអស់ ។

     គ្រប់ពេលដែលយើងធ្លាក់ចុះ ជាពេលវេលាមួយតម្រូវឲ្យយើងសម្រាក ដើម្បីពិចារណា ហើយធ្វើការឆ្លុះបញ្ជាំងពីជីវិតពិតបច្ចុប្បន្នថា យើងកំពុងដើរលើផ្លូវជីវិតដែលត្រឹមត្រូវហើយ ឬនៅ ? ប្រហែលមានកំហុសត្រង់ណាមួយដែលយើងបានដើរខុសហើយ ដែលធ្វើឲ្យយើងសោកសៅបែបនេះ ដូច្នេះ ប្រញាប់ស្វែងរកឬសគល់របស់វា រួចហើយចាប់ផ្តើមផ្លាស់ប្តូរសកម្មភាពថ្មី ដើម្បីបន្តដំណើរជីវិតនេះមុខទៀត ។

Comments