«ទុក្ខកើតព្រោះចង់ អស់ចង់អស់ទុក្ខ»

V
vannlyda
អត្ថបទកាលមុន ខ្ញុំធ្លាប់បង្ហាញការព្រលែងចោលចំពោះរាល់រឿងរ៉ាវណាដែលនាំមកនូវវិបត្តិដល់ផ្លូវចិត្ត កុំបន្តទុកវាក្នុងចិត្តអី ! ស្តាប់ទៅដូចជាងាយណាស់ តែការអនវត្តមិនងាយសោះឡើយ។ មែន! ព្រោះតែយើងមិនដែលបង្រៀនចិត្តឲលះបង់ម្តងណាផងនិង! ម្ងៃៗមានតែប្រមូលៗគ្រប់សព្វ ទាំងវត្ថុ ទាំងរឿងរ៉ាវផ្ទាល់ខ្លួន រឿងគ្រួសារ សូម្បីតែរឿងគេសោះ ក៏ខ្លួនប្រឹងស្រូបយកមកឲខ្លួនដែរ។ ឆាកជីវិតគឺជាបរិបទនៃគំនិត មានតួអង្គច្រើនណាស់ចាំដើរតួក្នុងគំនិត តែសតិនិងបញ្ញាគឺជាប្រធាននិងជាដៃគូល្អ មិនអាចខ្វះបាន ។ ![Screenshot_2018-11-21-07-50-48.png](https://serey.io/imageupload_data/2f4eda07a6994014accd98955816267516a150d7) បញ្ញាបាននាំយើងឲស្គាល់ថា៖ សិល្បៈនៃការរស់នៅគឺការលះបង់ចោលតែប៉ុណ្ណោះ! - លះបង់គឺឈប់ភ័យខ្លាចហើយតស៊ូចាកចេញពីព្រំដែនគំនិតដែលដាក់កំហិតជាឧបសគ្គទៅលើភ័ព្វវាសនារបស់អ្នក ។ - ព្រលែងចោលមានន័យថាអ្នកឈប់ខ្វល់ដើម្បីធ្វើខ្លួនឲ្យមានសេរីភាព ។​ - លះបង់ដើម្បីទទួលយកភ័ព្វសំណាងធំជាងនេះ គឺលះបង់គំនិតដែលជាប់ស្អិតដោយចំណង់តណ្ហា ភាពមានះប្រកាន់ ភាពកំណាញ់ឬស្យា ។ - ព្រលែងចោលគំនិតដែលគិតតែរឿងអត់ប្រយោជន៍ រឿងកន្លងហួស រឿងមិនទាន់មកដល់ រឿងដែលខ្លួនមិនអាចគ្រប់គ្រងបាន រឿងដែលខ្លួនមិនអាចធ្វើបាន គំនិតចាក់ស្មុគគ្មានច្រកចេញ គំនិតមួរម៉ៅក្តៅក្រហាយ ដើម្បីជួយខ្លួនឯងឲ្យមានសេរីភាពរួចផុតពីទាសករនៃគំនិត ។ - លះបង់ឈប់ប្រឈម ហើយព្រលែងចោលដើម្បីត្រឡប់មកថែទាំជីវិត ! ។ និទានពី លោកសេដ្ឋីម្នាក់ ការរកសីុរបស់គាត់មួយរយៈក្រោយនេះ មិនសូវល្អសោះ មានគូគេប្រជែង ជិតតែដួលរលំទៅហើយ។ ចំណែកក្នុងផ្ទះក៏មានរឿង លោកស្រីជាប្រពន្ធបានដុកដាន់រករឿងប្រច័ណ្ឌទាំងទទឹងទិស កូនប្រុសមិនស្តាប់បង្គាប់ ដើរបង្កររឿងហេតុមិនឈប់ ! ។ លោកសេដ្ឋីគាត់យំក៏មិនចេញ សើចក៏មិនរួច មានថ្ងៃល្ងាចមួយគាត់បានសម្រេចចិត្ត ហៅសូហ្វ័រគាត់មក ឲចេញឡាន ជិះរថយន្តកំសាន្តចិត្តតាមវាលស្រែ ។ ស្រាប់តែជួបបុរសម្នាក់ជិះលើខ្នងក្របី ថែមទាំងស្រែកច្រៀងយ៉ាងគ្រលួច ហើយសើចក្អាកក្អាយជាមួយក្របី ! លោកសេដ្ឋីឃើញដូច្នេះ ទ្រាំមិនបាន ក៏សួរ ៖ ហើយចុះឯងរកភាពរីករាយនេះមកពីណា? ខ្ញុំបានជិះរកវាជិតយប់ទៅហើយ គ្រប់ទីកន្លែងទៅហើយនៅតែមិនឃើញ ? បុរសនោះតបដោយអស់សំណើច តែពេញចិត្តនិងឆ្លើយមកថា ពុំពិបាករកទេ ព្រោះរឿងរីករាយខ្ញុំបង្កើតវាដោយខ្លួនឯងទេតើ ! ទោះទីណាក៏ដោយឲតែយើងកុំខ្វល់ខ្វាយពេក សប្បាយរីករាយក៏វានៅទីនោះដែរ ។ លោកសេដ្ឋីភ្ញាក់ព្រើត ! និយាយខ្សិបៗថា មែនហើយ ! អញរវល់តែបង្កើតការរស់នៅ រហូតដល់បំភ្លេចជីវិតខ្លួនឯងឲ្យឈឹង ! រួចហើយ គាត់របូតសំណើចកក្អឹករហូតដល់ហូរទឹកភ្នែកទឹកសំបោរ ធ្វើឲ្យអ្នកបើករថយន្តទ្រាំមិនបានក៏ផ្ទុះសំណើចមួយទំហឹងដែរ ! ហាសៗៗ ! ![Screenshot_2018-11-21-07-51-30.png](https://serey.io/imageupload_data/609576337a3511291312cb45a9051043ab4e33f9) វាគ្មានបញ្ហាណា កើតមកពីសម្ព័ន្ធភាពស្នេហា កើតមកពីការងារ ឬ កើតមកពីការរស់នៅ--- ដែលធ្វើឲ្យអ្នកឈឺចាប់នោះទេ ! អ្វីដែលធ្វើឲ្យអ្នកគ្មានភាពរីករាយ ហេតុអីនៅតែខ្ចប់ទុក បោះវាចោលទៅ! កុំចេះតែគិតនាំឲ្យកើតទំនាស់ឲចិត្តខ្លួនឯងធ្វើអី។ អ្នកកុំចេះតែចង់ឲ្យអ្វីៗមកស្ថិតក្រោមអំណាចខ្លួន លោកនេះមិនមែនជារបស់យើងតែម្នាក់ឯងឡើយ វាជារបស់គេគ្រប់គ្នាផងដែរ ។​ ចង់ធំរវល់ខ្លាំង ចង់តូចរវល់តិច គ្មានចង់គ្មានទុក្ខ ព្រោះចំណង់វាពុំមែនជាកតព្វកិច្ច ឬជាតម្រូវការរបស់ជីវិតនោះទេ វាគ្រាន់តែជាតួអង្គចៅហ្វាយនាយដ៏អាក្រក់ ដែលមានឈ្មោះថាលោភៈ ហើយលោភៈគឺជាកំដៅមួយដែលអាចដុតបំផ្លាញអ្នកគ្រប់ពេល។ ចូររៀនទទួលស្គាល់ការពិតស្រលាញ់ពេញចិត្តអ្វីដែលកំពុងមានក្នុងដៃ(សន្តោសៈ) ជីវិតក្លាយជាងាយស្រួលនៅពេលអ្នកទទួលស្គាល់វា ហើយកុំគិតឲ្យលំបាក ពេលខ្លះការឆ្លើយតបដោយចិត្តស្ងៀមគឺល្អបំផុត ។ តាមពិតការរស់នៅគឺងាយបែបនេះឯង កុំចេះតែប្រមូលរឿងសំរាមពីខាងក្រៅយកមកញាត់ទុកក្នុងចិត្ត នាំតែក្រញ៉ាញ់ខួឥតប្រយោជន៍ នាំតែជីវិតបាត់បង់ខ្លឹមសារក្រោមអំណាចចំណង់ប៉ុណ្ណឹងទេ ៕ ![Screenshot_2018-11-19-07-12-34.png](https://serey.io/imageupload_data/811a72e2b5c2a43fb06bedc058bf1b6e98a8379f) #ស័ង្ហ

Comments

r3benok
ល្អប្រកាស,សូមអរគុណអ្នក! រូបថតស្រស់ស្អាត។ ទាំងនេះមានរូបថតផ្ទាល់ខ្លួន?
vannlyda
ទទួលបានព្រលឹងអត្ថបទ ពីបងសេរី សូមអរគុណ!