អានិសង្ឃគ្រាន់ជាផលអម ពុំមែនជាសាច់បុណ្យទេ

V
vannlyda
អ្វីដែលខ្លួនចង់បាននិងមិនចង់បានសុទ្ធតែទទួលរងផលប៉ះពាល់ទាំងអស់ សូម្បីតែបានមកហើយក៏ក្លាយជាកញ្ជះវាដោយមិនដឹងខ្លួនដែរ ខ្លះត្រូវដេកកើតទុក្ខក្រៀមក្រំព្រោះតែការមិនបាន ។ ជីវិតមនុស្សគ្មានសេរីភាពទេ បើគេរស់មិនផុតពីតណ្ហាទេនោះ ។ ចិត្តរបស់អ្នកគឺជាការលំបាករបស់អ្នក បើចង់មានសេរីភាពអ្នកត្រូវតែចេះផ្លាស់ប្តូរការគិត ថ្វីត្បិតតែការគិតវាមិនត្រូវបានបង់ប្រាក់ តែការឈឺចាប់ដោយសារវាអ្នកត្រូវតែមានកាតព្វកិច្ចបង់ថ្លៃឲ្យជីវិតនិងសេចក្តីស្លាប់ដោយសារតែវាផងដែរ ។ ប៉ុន្តែការផ្លាស់ប្តូរគឺជាច្បាប់ដែលត្រូវដោះដូរនឹងចំនួនថាមពលដែលមិនមែនជាការធ្វើពុត វាជាការផ្លាស់ប្តូរដែលអ្នកត្រូវតាំងចិត្តធ្វើយ៉ាងពិតប្រាកដ ! ។ អាថ៌កំបាំងសុភមង្គលមិនត្រូវបានរកឃើញដោយការស្វែងរកនោះទេ វាជាសមត្ថភាពអភិវឌ្ឍភាពរីករាយ ជាមួយនឹងអ្វីដែលខ្លួនគ្មានឯណេះទេ ! ។ «ផលនៃបុណ្យ មិនមែនជាអានិសង្សទេ ! ផលនៃបុណ្យគឺការបានរួចរំដោះ !» ខំធ្វើអំពើល្អ ដូរមកវិញនូវការបានរួចស្រឡះ ! ប៉ុន្តែបេះដូងបុថុជ្ជនគឺនៅតែចង់បានផលតបស្នង ដល់ខំធ្វើបុណ្យចង់ងាប់ហើយ ស្រាប់តែអត់បានឃើញអីតបស្នង តាំងកើតការមួរម៉ៅក្តៅក្រហាយលែងចង់ធ្វើបុណ្យតទៅទៀត ។ បុណ្យគឺជាការលះបង់ ធម្មជាតិរបស់បុណ្យគឺជាការលាងជំរះចិត្តឲ្យស្អាត តែយើងបែរជាយកកិលេសក្រខ្វក់មកប្រឡាក់វិញហើយចង់បានភាពស្អាត ពីភាពស្មោកគ្រោក ! ។ តាមពិតអានិសង្ឃបុណ្យទានគឺមានជាធម្មតាទេ តែការឲ្យផលរបស់វាគឺអនុលោមទៅតាមច្បាប់កម្មដ៏ប្រច័ក្ស « របស់ដែលអ្នកត្រូវជួប គឺមកកាន់ជីវិតអ្នកតាមពេលវេលាកំណត់ច្បាស់លាស់របស់វា » ការទាមទារឬការប៉ងប្រាថ្នាបន្ថែមក្រោយពីបានធ្វើបុណ្យ វាជាតណ្ហាសុទ្ធៗ ដែលធ្វើឲ្យរលកសញ្ញាផ្សាយចេញរួញខ្មូរមិនអាចបាញ់ទៅបានឆ្ងាយ(ដើម្បីប៉ះប្រភពឬដែនដែលស្ងប់ខ្លាំង)ហើយឡងនាំយករឿងល្អៗមកឲ្យយើងវិញបានលឿនរហ័ស(ហៅថាផលបុណ្យ)ឬអភិធម្មពន្យល់ថា ការគិតច្រើនរហូតដល់ជវនទីពីរ ទីបីសោយ គឺផលនឹងឲ្យនៅជាតិមុខៗឯណោះ ! នៅពេលដែលយើងធ្វើបុណ្យដោយការទាមទារចង់បាន នោះចិត្តយើងនឹងល្អក់ភ្លាម ផលបុណ្យមិនអាចវិលមកបានទេ វាលែងឲ្យផលទាន់ចិត្ត ហើយបើមានចិត្តខឹងទៀត ផលបុណ្យនឹងទៅកាន់តែឆ្ងាយ តែវាមិនបានបំភ្លេចយើងឡើយ ពេលខ្លះបុថុជ្ជនបែរជាលែងជឿបុណ្យបាបទៀតផងក៏មាន ។ ![Screenshot_2019-01-01-13-34-13.png](https://serey.io/imageupload_data/30e4dd2542cb4dbe3b6c2b0c48fc87f2392b4f67) ចូរជឿលើច្បាប់កម្មចុះ ! បានលះបង់ហើយត្រូវមានចិត្តរីករាយ ឬ ស្ងប់ស្ងាត់ដោយវិវេកទើបផលបុណ្យរហ័សឲ្យផល ! ! ! បើមិនទាន់ឲ្យផលក៏មិនក្តៅក្រហាយ យ៉ាងណាក៏យើងបានរីករាយចិត្តជាមួយអំពើល្អដែរ ! យើងបានដូរចិត្តកំណាញ់យកចិត្តមេត្តាមកវិញ ដែលចិត្តប្រភេទនេះមិនងាយរកបានឡើយ !។

Comments

opsin
nice photo friend
wondercury
អានិសង្ឃគឺជាបញ្ញា។ បញ្ញាគឺធ្វើអោយមនុស្សចេះត្រិះរិះស្វែងរកផ្លូវស្ងប់អោយខ្លួនឯង។
moniroy
Awesome post📪 😱😍
sathya
ពូកែរកបង្កើតអត្ថបទមែនសុំសសើរ បងដា