តើជីវិតជាសំណាងឬសំណោក?
ជីវិតតែងប្រែប្រួល
ដោយសារភាពមិនទៀងនៃលោកនេះទើបយើងមិនត្រូវមានវិបត្តិកប់ទុកក្នុងចិត្តឡើយ ដោយសារតែអ្វីៗមិនទៀង ទើបសុខទុក្ខក្នុងជីវិតត្រឹមតែជារឿងបណ្តោះអាសន្ន ។
យកពេលវេលាទាំងអស់ដែលបានកន្លងហួសដើម្បីអរគុណចំពោះអ្វីដែលខ្លួនមាន អ្វីខ្លួនបានឆ្លងកាត់ កុំចេះតែមិនពេញចិត្តចំពោះអ្វីដែលខ្លួនមាន ហើយទៅតូចចិត្តជាមួយអ្វីដែលខ្លួនគ្មាន ។
អ្នកនឹងមានអ្វីៗកាន់តែច្រើនឡើងកាលបើអ្នកលះបង់ភាពអាត្មានិយមនៅក្នុងខ្លួនឲ្យបានកាន់តែច្រើនឡើងដែរ ។ អាត្មានិយមមិនចេះមើលឃើញអ្វីដែលខ្លួនមានទេ គឺឃើញតែអ្វីដែលខ្លួនគ្មាន ទើបក្រីក្ររហេមរហាមតាមផ្លូវចិត្ត ។
ជីវិតគឺជាល្បែង បើយើងលេងវា , ជីវិតគឺជាឆាកប្រយុទ្ធបើយើងធ្វើសង្គ្រាមជាមួយវា , ជីវិតគឺជាភ័ព្វសំណាង បើយើងចេះប្រើវា , ជីវិតគឺជាឧបសគ្គបើយើងមិនចេះដោះស្រាយជាមួយវា , ជីវិតគឺជាសោកនាដកម្ម បើយើងធ្វើបាបវា , ជីវិតគឺជាក្តីសុខ បើយើងត្រេកអរជាមួយមេរៀនវា , ជីវិតជាក្តីស្ងប់ បើយើងចេះព្រមជាមួយវា , ទីបំផុត ជីវិតនឹងអត់លិឌ បើយើងរើសពេក ! ។


